មន្ត្រីក្រសួងកសិកម្ម ពិនិត្យរោងម៉ាស៊ីនកិនស្រូវ និងជួបជាមួយម្ចាស់ដីស្រែជួល នៅខេត្តកំពង់ធំ
(កំពង់ធំ)៖ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានចុះពិនិត្យស្ថានភាពការងារ នៅរោងម៉ាស៊ីនកិនស្រូវចំនួន ៤ ក្នុងខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីលទ្ធភាពផលិតកម្ម និងការស្តុកស្រូវ នៅតាមរោងម៉ាស៊ីនកិនស្រូវ និងបានសំណេះសំណាល ជាមួយម្ចាស់ដីស្រែជួល ក្នុងន័យស្វែងយល់ពីបញ្ហានានា និងផ្តល់ដំបូន្មាន ស្ថាបនានុក្រមសហការសម្រាប់អនាគត ។
ក្រុមមន្ត្រីក្រសួងកសិកម្ម បានអញ្ជើញទៅកាន់ រោងម៉ាស៊ីនកិនស្រូវប្រភេទនីមួយៗរួមមាន៖ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ នៅស្រុកស្ទោង ទិញស្រូវ OM5451 តម្លៃ ៨០០ ទៅ៨២០រៀល ក្នុង ១គីឡូក្រាមដោយមានសមត្ថភាពសំងួតបាន ៥០០តោន ក្នុង ១ថ្ងៃ មានឃ្លាំងស្តុកស្រូវចំនួន ១២,០០០តោន ។
រោងម៉ាស៊ីនកិនស្រូវ ងួន ហុង នៅស្រុកស្ទោង ទិញស្រូវ OM5451 តម្លៃ ៨០០រៀល ក្នុង ១គីឡូក្រាមមានសមត្ថភាពសំងួតបាន ៥០០តោន ក្នុង ១ថ្ងៃមានឃ្លាំងស្តុកស្រូវចំនួន ២០,០០០តោន ។
រោងម៉ាស៊ីន Amru Rice នៅស្រុកប្រាសាទបល្ល័ង្ក ទិញស្រូវ OM5451 តម្លៃ ៨២០រៀល ក្នុង ១គីឡូក្រាម មានសមត្ថភាពសំងួតបាន ៥០០តោន ក្នុង ១ថ្ងៃមានឃ្លាំងស្តុកស្រូវចំនួន ២០,០០០តោន ។
រោងម៉ាស៊ីន BRM នៅស្រុកសន្ទុក ទិញស្រូវ OM5451 តម្លៃ ៨១០ ទៅ ៨៣០រៀល ក្នុង ១គីឡូក្រាម មានសមត្ថភាពសំងួតបាន ៥៥០តោន ក្នុង ១ថ្ងៃ មានឃ្លាំងស្តុកស្រូវចំនួន ២០,០០០តោន ។
ឯកឧត្តម ម៉ាន សុគ្រី បានឲ្យដឹងថា កសិករដែលមានដីស្រែជួល ត្រូវការការគាំទ្រលើការធ្វើដំណាំ ដើម្បីបន្តផលិតកម្ម និងកែលម្អស្ថានភាពសេដ្ឋកិច្ចរបស់ពួកគាត់។ ដើម្បីបញ្ចៀសបញ្ហា ប្រជាពលរដ្ឋ ត្រូវមានការសហការជាសហគមន៍ និងអភិវឌ្ឍ ប្រព័ន្ធសហគ្រាស។
ឯកឧត្តម បានបញ្ជាក់ថា រោងម៉ាស៊ីនទាំងនេះ បានចូលរួមដំណើរជោគជ័យក្នុងការផលិតអង្ករ ដើម្បីចែកចាយក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដែលជាផលិតផលសុទ្ធរបស់កម្ពុជា ៕
ដោយ ៖ វណ្ណលុក