ស្លាប់មនុស្ស ៨០នាក់ អំឡុងហិង្សារបស់ទ័ពព្រៃកូឡុំប៊ី
បរទេស ៖ ក្រុមមន្ត្រីបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ការផ្ទុះឡើង នៃអំពើហិង្សា បង្កឡើងដោយក្រុមទ័ពព្រៃ ចំពេលដំណើរការសន្តិភាពកំពុងធ្លាក់ចុះ នៅក្នុងប្រទេសកូឡុំប៊ី បានធ្វើឱ្យមនុស្ស ជាង៨០នាក់ស្លាប់ រួមទាំង ជនស៊ីវិល ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត បានផ្លាស់ទីលំនៅ ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ ប៉ុណ្ណោះ។
ខណៈដែលអ្នកស្រុកបានភៀសខ្លួន ដើម្បីរស់ មានកងទ័ពប្រហែល ៥,០០០នាក់ ត្រូវបានដាក់ពង្រាយ ទៅកាន់តំបន់សម្បូរកូកាអ៊ីន Catatumbo ។ ក្រុមមន្ត្រីបាននិយាយថា ក្រុមប្រដាប់អាវុធរបស់កងទ័ពរំដោះជាតិ ហៅកាត់ ELN បានបើកការវាយលុកនៅ Catatumbo តាំងពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ទៅលើក្រុមប្រជែងរបស់ខ្លួន ដែលជាអតីតសមាជិក នៃកងកម្លាំងទ័ពព្រៃ ហៅកាត់ FARC បើទោះបីជាក្រុមនេះ ត្រូវបានដកហូតអាវុធ នៅឆ្នាំ២០១៧ ក៏ដោយ។
អ្នកស្រុករាប់ពាន់នាក់ ដែលមានការភ័យខ្លាច បានជិះម៉ូតូ ទូក ឬ ជិះលើដំបូលរថយន្ត ភៀសខ្លួនចេញពីតំបន់នោះ កាលពីចុងសប្តាហ៍។ មានមនុស្សរាប់រយនាក់ បានឆ្លងព្រំដែន ទៅកាន់ប្រទេស វេណេហ្ស៊ុយអេឡា ហើយ វេណេហ្ស៊ុយអេឡាបានប្រកាសពីការចាប់ផ្តើមនៃ «ប្រតិបត្តិការពិសេសមួយ ដើម្បីជួយដល់ជនស៊ីវិលដែលបានផ្លាស់ទីលំនៅ ពីប្រទេសកូឡុំប៊ី» នេះបើយោងតាមរដ្ឋាភិបាល វេណេហ្ស៊ុយអេឡា៕
ប្រភពពី AFP ប្រែម្រួល៖ សារ៉ាត