សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា រៀបចំពិព័រណ៍ខ្មែរ-ចិន អបអរពិធីបុណ្យចូលឆ្នាំចិន
ភ្នំពេញ ៖ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតមកដល់ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ដល់១៩ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា រាជធានីភ្នំពេញ។
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ ធ្វើឡើងក្នុងគោលបំណងស្នូលគឺ «ផ្សព្វផ្សាយវប្បធម៌កម្ពុជា-ចិន» ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាព ប្រពៃណីរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌រួមគ្នាបង្កើតទំព័រថ្មីនៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានមានប្រសាសន៍ថា បុណ្យចូលឆ្នាំចិន គឺជាប្រពៃណីរបស់ជនជាតិចិន ដែលតំណាងឲ្យការជួបជុំគ្រួសារ មិត្តភក្តិ ភាពរីករាយ និងក្តីសង្ឃឹមថ្មី។ នៅឆ្នាំ២០២៥នេះ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នឹងពង្រឹងសេវាកម្មរបស់ខ្លួន ដើម្បីបម្រើប្រជាជនចិនដែលរស់នៅកម្ពុជា និងប្រជាជនដែលជាប់ខ្សែស្រឡាយចិន នឹងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរនាពេលអនាគត។
ជមួយគ្នានេះ ឧកញ៉ា ដួង តិច អនុប្រធាន និងជាប្រធានក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានលើកឡើងថា រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ១៧ដល់១៩ ខែមករា មានស្តង់សរុបចំនួន៦០ស្តង់ ដែលដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន។ កម្មវិធីមានអាហារក្នុងស្រុក ក៏ដូចជាផលិតផលពិសេសពីប្រទេសចិន និងប្រទេសផ្សេងៗទៀត។
រីឯលោក Fan Manjiang ទីប្រឹក្សាស្ថានទូតចិនបានលើកឡើងថា ការបន្តរីកចម្រើននៃទំនាក់ទំនងមិត្តភាពចិន-កម្ពុជាបានឈានដល់កម្រិតថ្មី គឺមានការរួមចំណែកជាវិជ្ជមានរបស់ប្រជាជនដែលមានខ្សែស្រឡាយចិនផងដែរ។ លោកបន្ថែមថា ជនជាតិមានខ្សែស្រឡាយចិននៅក្រៅប្រទេសបានចូលរួមក្នុងការកសាងមាតុភូមិ។ តួយ៉ាង សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានប្តេជ្ញាក្នុងការអភិវឌ្ឍន៍ការអប់រំភាសាចិន ការបន្តវប្បធម៌ចិន និងការជំរុញការអភិវឌ្ឍន៍ជាបន្តបន្ទាប់ នៃសាលាភាសាចិននៅកម្ពុជា។
កម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ បានបើកឱ្យសាធារណជនទូទៅចូលរួមដោយសេរី និងឥតគិតថ្លៃ ដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ ឱ្យបានច្រើនកុះករ និងស្វែងយល់ អំពីទំនាក់ទំនងមិត្តភាពដ៏ស្អិតល្មួតរវាងកម្ពុជា និងចិន ក៏ដូចជាសិក្សាស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់ចិន ដើម្បីចូលរួមចំណែកជំរុញមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរនាពេលអនាគត៕
អត្ថបទ ៖ ឈឹម ទីណា