ផ្ទុះឡានដឹកប្រេងនីហ្សេរីយ៉ា ស្លាប់មនុស្ស៨៦នាក់

បរទេស ៖ មនុស្ស៨៦នាក់បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេងមួយគ្រឿង នៅប្រទេសនីហ្សេរីយ៉ា កាលពីចុងសប្តាហ៍ នេះបើតាមក្រុមអ្នកជួយសង្គ្រោះ បញ្ជាក់ឲ្យដឹង កាលពីថ្ងៃអាទិត្យ។

អាជ្ញាធរបាននិយាយថា ដំបូងឡើយ រថយន្តដឹកសាំង៦ម៉ឺនលីត្រមួយគ្រឿងនេះ បានក្រឡាប់ នៅលើចំណុចផ្លូវប្រសព្វ Dikko ស្ថិតក្នុងតំបន់កណ្តាលប្រទេស ហើយហ្វូងមនុស្ស បានប្រញាប់ប្រញាល់ ទៅប្រមូលប្រេង ដែលជារបស់មានតម្លៃខ្លាំង ក្នុងពេលប្រទេស ជួបវិបត្តិសេដ្ឋកិច្ច ស្រាប់តែមានការផ្ទុះឡាន មួយគ្រឿងនោះ។ ចំនួនអ្នកស្លាប់ចុងក្រោយ បានកើនដល់៨៦នាក់ ហើយ មនុស្ស៥២នាក់ផ្សេងទៀត បានទទួលរងរបួស ដោយរលាកលើខ្លួនធ្ងន់ធ្ងរ នេះបើតាមអ្នកនាំពាក្យ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្ន។

យ៉ាងណាមិញ ការផ្ទុះឡានដឹកសាំង មិនមែនជារឿងចម្លែកទេ សម្រាប់ប្រទេសមួយនេះ។ ជាក់ស្តែង កាលពីខែតុលា មនុស្សជាង១៧០នាក់ បានស្លាប់ នៅក្នុងឧបទ្ទវហេតុ ស្រដៀងគ្នានេះ នៅក្នុងរដ្ឋ Jigawa ភាគខាងជើង ប្រទេសនីហ្សេរីយ៉ា។ ក្នុងឆ្នាំ២០២០ អង្គភាពសុវត្ថិភាពផ្លូវសហព័ន្ធបានរាយបញ្ជីគ្រោះថ្នាក់ ឡានដឹកប្រេង ចំនួន ១,៥៣១លើក ដែលបានឆក់យកជីវិតមនុស្ស ប្រមាណ ៥៣៥នាក់។

គួរកត់សម្គាល់ដែរថា បន្ទាប់ពីឡើងកាន់អំណាច ក្នុងឆ្នាំ២០២៣ លោកប្រធានាធិបតី Bola Tinubu បានលុបចោលការឧបត្ថម្ភធន លើប្រេងឥន្ធនៈ ដែលជំរុញឱ្យ ថ្លៃម្ហូបអាហារ និង ការដឹកជញ្ជូន មានការកើនឡើង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner