សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការយកចិត្តទុកចំពោះអតីតយុទ្ធជន គឺផ្ដោតលើចំណុចសំខាន់ពីរ

(ពោធ៌សាត់)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានានៅក្នុង​ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ត​ពោធិ៍​សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការយកចិត្តទុកជាសំខាន់​ចំពោះអតីតយុទ្ធជន គឺផ្ដោតការយកចិត្តទុកដាក់សំខាន់ ២ចំណុចជាប្រចាំ ក្នុងនោះមាន៖

ទី១ គឺជីវភាពរបស់អតីតយុទ្ធជន តាមរយៈការដំឡើងប្រាក់ខែ និងប្រាក់​ឧបត្ថម្ភនានាទៅតាមកម្រិតនៃការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ ដូចមន្ត្រី​រាជការទូទៅដែរ រួមទាំងការផ្ដល់សេវាព្យាបាល និងសេវាតម្រូវការនានា​ជាច្រើនទៀត។ ការយកចិត្តទុកដាក់ទី២ គឺកិត្តិយស តាមរយៈការកំណត់​យកថ្ងៃទី២១ មិថុនា ដើម្បីប្រារព្ធទិវាអតីតយុទ្ធជនជារៀងរាល់ឆ្នាំ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាល មិនដែលទុកបងប្អូន​អតីតយុទ្ធជនចោលឡើយរាប់ចាប់តាំងពីកម្ពុជាងើបចេញមកពីបាតដៃទទេរហូតមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលតែងតែគិតរឿងពីរយ៉ាងដល់​បងប្អូនអតីតយុទ្ធជន ក្នុងនោះគឺជីវភាព និងកិត្តិយស ទៅដល់បងប្អូនអតីតយុទ្ធជន ។

សម្តេចធិបតី ក៏បានអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំ​ដោយ​​គណបក្សប្រជាជនកម្ពុជា នឹងធ្វើឲ្យប្រទេសមានការរីក​ចម្រើនពីមួយ​ឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងដូច ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់​ទ្រយឹងយ៉ាង​ដូច្នេះដែរ បានប្រែក្លាយពីតំបន់គ្មានមនុស្សនៅ តំបន់សង្រ្គាម មកជាតំបន់​មានមនុស្សច្រើនមានមន្ទីរពេទ្យ មានសាលារៀន និងផ្លូវថ្នល់ជាដើម ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដោយសង្កត់ធ្ងន់ថា តើយើងអាចអភិវឌ្ឍ​ប្រទេស​ជាតិបានទេ បើគ្មានសន្តិភាព? បើសិនជាយើងមិនឈប់បាញ់គ្នា នៅឆ្នាំ១៩៩៨ ទេនោះប្រទេសកម្ពុជា បន្តមានសង្រ្គាមប្រយុទ្ធគ្នារហូតដល់​សព្វថ្ងៃនេះ ហើយយើងមិនអាចទទួលបានសុខសន្តិភាពពេញលេញ​បានឡើយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា បើសិនជាកម្ពុជា នៅបន្តមាន​សង្រ្គាមនោះ អតីតយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋខ្មែរយើង នឹងបន្តរងគ្រោះ​បាត់​បង់អាយុជីវិតដោយសារសង្រ្គាមជាក់ជាមិនខាន ពោល គឺយើងមិនអាច​មានឱកាសក្នុងការអភិវឌ្ឍតំបន់សមរភូមិ ដែលធ្លាប់ប្រយុទ្ធគ្នាទៅជាកន្លែង​ដែលមានការអភវិឌ្ឍ មានហេដ្ឋារចនាសម្ព័ន្ធបានឡើយ ។

សម្តេចធិបតី បានបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាព បានប្រែក្លាយតំបន់ដែលគ្មាន​មនុស្ស​រស់នៅ និងពីអតីតយុទ្ធជន ដែលមានហានិភ័យ ទៅជាតំបន់ដែល​មាន​​ការអភិឌ្ឍ ពោល គឺជួយឱ្យអតីតយុទ្ធជនអាចកែប្រែជីវិតថ្មីប្រកបដោយ​សេចក្តីសង្ឃឹមចំពោះអនាគត ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner