ឯកឧត្តម នេត្រ ភក្រ្តា ៖ បដិវត្តពណ៌នៅតែមាន គ្រាន់តែក្រុមប្រឆាំងផ្លាស់ប្តូរវិធីសាស្រ្តតែប៉ុណ្ណោះ
(ភ្នំពេញ)៖ បដិវត្តព៌ណ យើងឃើញហើយថា នៅតែមាន គ្រាន់តែគេមានវិធីសាស្រ្តក្នុងការធ្វើ ។
សម្រាប់វិធីសាស្រ្តរបស់គេ គឺរឿងអ្វីក៏ដោយមិនសំខាន់ទេ តួអង្គនយោបាអ្វីក៏ដោយមិនសំខាន់ដែរ អ្វីដែលសំខាន់គឺបញ្ហាអ្វីមួយដែលធ្វើហើយអាចបញ្ឆេះកំហឹងបាន។ ក្របខណ្ឌយុទ្ធសាស្រ្តទី៥របស់មហាអំណាចសហរដ្ឋអាមេរិក ផ្តួលរំលំបដិវត្ដព៌ណ គេប្រើប្រាស់បង្កើតឱ្យមានចលាចលសង្គម ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥របស់ក្រសួងព័ត៌មាននាថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២៥នេះ ឯកឧត្តម នេត្រ ភក្រ្តា បន្តថា ៖ ”ក្រុមនេះបើបង្កើតកន្លែងណាមួយបានគឺគេនឹងធ្វើភ្លាម ដូចជា តម្លៃស្រូវ ជាដើម ទាល់តែ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មចេញទៅពន្យល់ បកស្រាយ ហើយបើគេគិតតម្លៃស្រូវសព្វថ្ងៃប្រជាកសិករនៅតែចំណេញ គ្រាន់តែចំណេញមិនដូចអ្វីដែលគាត់រំពឹងទុកនៅពេលគាត់ចាប់ផ្តើមដាំដុះ ។
ចំណុចទាំងអស់នេះគឺជារឿងកើតឡើងពីការញុះញង់ ដូចជារឿង តំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលនៅសុខៗក្រុមប្រឆាំង ដើម្បីទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋដើម្បីកុំឱ្យប្រជាពលរដ្ឋ មូរខ្លាំងទៅលើការគាំទ្ររាជរដ្ឋាភិបាល ពិសេសព្រែកជីកហ្វូណនតេជោ ពួកគេក៏បង្កើតរឿងរាវផ្សាយព័ត៌មានមិនពិតថា កម្ពុជាកាត់ខេត្ត៤ទៅឱ្យវៀតណាមតាមគម្រោងCLVនេះឯង។
នៅពេលរាជរដ្ឋាភិបាលបានធ្វើការដឹកនាំប្រជាពលរដ្ឋឱ្យទៅពិនិត្យព្រំដែន គឺពលរដ្ឋគាត់បានរឹងមាំជឿជាក់ក្នុងចិត្ត ឈប់ជឿក្រុមប្រឆាំងទៀត ។ ក្រៅពីនេះពួកគេក៏បង្កើតរឿងក្រៅពីខាងកើតទៅខាងលិចវិញគឺសព្វគ្រប់តែម្តង ។
រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងផងថា ៖ ការគ្រប់គ្រងព័ត៌មាន និង សាធារណៈមតិ គឺកាន់តែស្រួចស្រាល់។ កាលណាយើងគ្រប់គ្រងសាធារណៈមតិបានគឺយើងឈ្នះ ក្នុងនេះបើផ្អែកតាមទ្រឹះស្តីព័ត៌មានបានលើកឡើងថា”កាលណាគ្រប់គ្រងព័ត៌មានបានល្អ គឺបានទទួលបានជ័យជំនៈ៥០ភាគរយជាស្រេចទៅហើយ ប៉ុន្តែបើយើងចាញ់ ក្នុងសមរភូមិព័ត៌មាន គឺយើងចាញ់ ៥០ភាគរយរួចស្រេចទៅហើយ។អ៊ីចឹងចំណុចនេះហើយដែលយើងត្រូវយកចិត្តតុកដាក់ឱ្យច្បាស់អំពីការគ្រប់គ្រងសាធារណៈ។ យើងត្រូវពង្រឹង តួនាទីរបស់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងព័ត៌មាន និង សាធារណៈមតិ ហើយផ្តល់តួនាទីគាំទ្រដល់ក្រសួង មន្ទីរស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក រិន រចនា