អេស្ប៉ាញទទួលទេសចរបរទេស៩៤លាននាក់ ចំណូល១៣០ពាន់លាន ឆ្នាំមុន

បរទេស ៖ លោក Jordi Hereu រដ្ឋមន្ត្រីទេសចរណ៍ អេស្ប៉ាញ បាននិយាយ កាលពីពេលថ្មីៗនេះថា ប្រទេសអេស្ប៉ាញរកបានចំណូល ១៣០ពាន់លានដុល្លារ ពីភ្ញៀវទេសចរបរទេស ចំនួន៩៤លាននាក់ ដែលបានទៅលេងកម្សាន្ត នៅទីនោះ ក្នុងឆ្នាំ២០២៤ ដែលជាកំណត់ត្រាថ្មី។

ខណៈដែលវិស័យនេះ ជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេស មានការកើនឡើង ឬ តំណាងឱ្យប្រហែល ១៣ ភាគរយ នៃសេដ្ឋកិច្ចជាតិនោះ អេស្ប៉ាញបានក្លាយជាប្រទេស ដែលមានអ្នកទេសចរច្រើនបំផុត លំដាប់ទី២ របស់ពិភពលោក ដោយបានរក្សាអត្រាកំណើន បានយ៉ាងល្អ។

លោក Jordi Hereu រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងទេសចរណ៍ បាននិយាយ នៅទីក្រុងម៉ាឌ្រីដ កាលពីសប្តាហ៍មុនថា នៅឆ្នាំ២០២៤ ប្រទេសនេះបានស្រូបទាញភ្ញៀវទេសចរអន្តរជាតិ ប្រហែល៩៤លាននាក់ កើនឡើង១០ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដូច្នេះ អេស្ប៉ាញ នៅតែបន្តបំបែកកំណត់ត្រា។

លោក Hereu បានបន្ថែមថា ការចំណាយរបស់ភ្ញៀវទេសចរបរទេស កាលពីឆ្នាំមុន ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនប្រហែល ១២៦ពាន់លានអឺរ៉ូ ឬ ស្មើនឹង ១៣០ពាន់លានដុល្លារ កើនឡើង ១៦ភាគរយ បើធៀបនឹងចំណូល នៅឆ្នាំ២០២៣។ ភ្ញៀវទេសចរបរទេស ទៅលេងអេស្ប៉ាញ ភាគច្រើន ពេញចិត្តនឹង ពន្លឺព្រះអាទិត្យ, ឆ្នេរខ្សាច់ និងវប្បធម៌៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner