រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្រុកថ្មគោល នៅតែបន្តប្រមូលទិញស្រូវចន្លោះពី១ ៥០០តោនទៅ១ ៨០០ តោនក្នុង មួយថ្ងៃ
បាត់ដំបង៖ម្ចាស់ក្រុមហ៊ុន ស៊ីធី រ៉ាយ(City Rice) លោក លី លាង អគ្គនាយករងនៃរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ដែលមានទីតាំងក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យដឹងថា មកដល់ពេលនេះ រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ បាននិងកំពុងប្រមូលទិញស្រូវប្រភេទ ស្រូវស្រងែ និងស្រូវអូអឹម(OM) ដែលយ៉ាងហោចណាស់ក្នុងចន្លោះពី១ ៥០០តោនទៅ១ ៨០០តោនក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះក្រុមហ៊ុន បានទិញរហូតដល់ជាង ២ ០០០តោន ក្នុងមួយថ្ងៃទៀតផង។

លោក លី លាង បានឱ្យដឹងថា រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ មិនមានគោលការណ៍ ក្នុងការផ្អាកការបញ្ជាទិញនោះទេគឺ ក្រុមហ៊ុនរបស់លោក នៅតែបន្តប្រមូលទិញស្រូវ ឱ្យអស់ពីសមត្ថភាពនូវក្នុងតម្លៃសមរម្យ ជូនបងប្អូនកសិករ ទោះបីជាក្រុមហ៊ុនCityRiceទិញស្រូវរហូតឡើងចាល់និងពេញឃ្លាំង ហើយក៏ដោយ។

លោក លី លាង បន្ថែមថាសម្រាប់រដូវកាលទី៣ក្នុងការប្រមូលផលស្រូវនេះ រោងម៉ាស៊ីនស្រូវ ឡាយ សែ បានប្រមូលទិញស្រូវ ប្រភេទOM បានប្រមាណមួយម៉ឺនតោន និង ស្រូវស្រងែស្រាលជាងពីរម៉ឺនតោន ស្តុកនៅក្នុងឃ្លាំង។

លោក លី លាង អគ្គនាយករងនៃរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ បានបន្ថែមថា រោងម៉ាស៊ីនស្រូវ បានផ្តោតលើការប្រមូលទិញស្រូវ៣ប្រភេទរួមមាន ស្រូវសែនក្រអូប ស្រូវផ្ការំដួល និងស្រូវស្រងែ ដែលសុទ្ធសឹងជាប្រភេទពូជស្រូវប្រណីតរបស់ខ្មែរយើង។ លោកបានអំពាវនាវដល់ប្រជាកសិករគួរតែងាកមកដាំដុះនូវប្រភេទស្រូវ”ក្រអូប”ដែលជាពូជរបស់ខ្មែរ ហើយកំពុងតែមានតម្រូវការខ្ពស់ នៅលើទីផ្សារអន្តរជាតិនានា។

សូមជម្រាបថា ជាបន្តបន្ទាប់ ឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអំពាវនាវនិងលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យប្រើប្រាស់ពូជស្រូវខ្មែរយើងដូចជាពូជស្រូវសែនក្រអូបនិងស្រូវផ្ការំដួល ដែលអាចរក្សានូវតម្លៃ និងមានទីផ្សារល្អ និងកំពុងតែមានតម្រូវការនៅលើទីផ្សារខ្ពស់ និងមានការអន្តរាគមន៍ ពីក្រសួងកសិកម្មផ្ទាល់ ជាជាងធ្វើការដាំដុះពូជស្រូវ ដែលជាពូជនាំចូលពីបរទេស។ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាកសិករចងក្រងជាសហគមន៍កសិកម្មទំនើប៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.




