រដ្ឋបាលខេត្តសៀមរាបប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ២០២៥
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ សន្និបាតនេះរៀបចំឡើងនៅសណ្ឋាគារបាយ័នអេរ៉ា ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ គឺជាការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលបានសម្រេច និងបញ្ហាប្រឈមដែលនៅសេសសល់។ ពិនិត្យប្រសិទ្ធភាពដើម្បីរៀបចំផែនការច្បាស់លាស់សម្រាប់ឆ្នាំ២០២៥ ដោយផ្ដោតលើវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជាទេសចរណ៍ កសិកម្ម សេវាកម្ម និងសង្គមកិច្ច។
ឯកឧត្តម ប្រាក់ សោភ័ណ បានលើកទឹកចិត្តអាជ្ញាធរថ្នាក់មូលដ្ឋាន និងអ្នកចូលរួម ឱ្យបង្ហាញភាពស្វាហាប់ក្នុងការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពជាប្រចាំដោយប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការចាំបាច់។ អភិបាលខេត្តបានស្នើឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រងការងារសេវាសង្គម និងបញ្ហាប្រឈម ដើម្បីលើកកម្ពស់ជោគជ័យប្រកបដោយចីរភាពនៅឆ្នាំថ្មីនេះ។
ឯកឧត្តមបានបញ្ជាក់ថា ទោះបីរដ្ឋបាលខេត្តសម្រេចបានសមិទ្ធផលជាច្រើនក៏ដោយ ក៏រដ្ឋបាលខេត្តនៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន។ ដូច្នេះការប្រមូលផ្ដុំទិន្នន័យ និងការរៀបចំយុទ្ធសាស្ត្រថ្មីគឺជាការចាំបាច់ដើម្បីធានាឱ្យមានលទ្ធផលល្អប្រសើរនៅឆ្នាំ២០២៥៕
ដោយ៖ប៊ុនរដ្ឋា