កាសែត WSJ ៖ លោក ត្រាំ ចង់ទៅទស្សនកិច្ចប្រទេសចិនឆាប់ៗនេះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេល ១០០ថ្ងៃដំបូងរបស់គាត់ ក្នុងពេលកាន់តំណែងនៅសេតវិមាន ដើម្បីបង្កើនទំនាក់ទំនងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ខណៈសង្រ្គាមពាណិជ្ជកម្មថ្មីមួយអាចនឹងផ្ទុះឡើង។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Wall Street Journal (WSJ) ដោយផ្អែកតាមប្រភពដែលខ្លួនទទួលបាន។

កាសែត WSJ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងមានគោលបំណងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយមេដឹកនាំចិន នៅពេលប្រឈមមុខនឹងភាពតានតឹងភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរ ដែលជំរុញដោយការប្រឈមមុខដាក់គ្នា ជុំវិញបញ្ហាកោះតៃវ៉ាន់ និងការសន្យារបស់លោក ត្រាំ លើការដំឡើងពន្ធទំនិញនាំចូលពីចិន។

យ៉ាងណាមិញ ប្រភពដែលផ្តល់ដំណឹងអំពីរឿងនេះបានប្រាប់កាសែត WSJ ថា លោក ត្រាំ បានបង្ហាញពីចំណាប់អារម្មណ៍ជាក់លាក់ក្នុងការទៅទស្សនកិច្ចនៅប្រទេសចិន ប៉ុន្តែមិនមានការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងនៅឡើយទេ។

ព័ត៌មាននេះបានលេចឡើងបន្ទាប់ពីលោក ត្រាំ និងលោក ស៊ី បានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍មុន អំពីបញ្ហាប្រឈមមួយចំនួន ក្នុងនោះរួមមានទាំងពាណិជ្ជកម្ម កោះតៃវ៉ាន់ និង Tiktok៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner