ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានចំនួន ១០១.៧០០សេវា ទទួលបានចំណូលជាង ១២សែនដុល្លារ
(ភ្នំពេញ)៖ ឆ្នាំ២០២៤កន្លងមកនេះ រដ្ឋបាលរាជធានីបានផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ បានចំនួន ១០១.៧០០សេវា ដែលក្នុងមួយថ្ងៃទទួលបាន ២៧៣សេវា ទទួលបានចំណូលសរុប ៤៨.៣៩៤.៧៣១.៣៥០រៀល ស្មើនិងជាង ១២សែនដុល្លារ ។ បានទទួលបណ្ដឹង សំណូមពរ និងធ្វើការសម្របសម្រួលដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដែលមកស្នើសុំប្រើប្រាស់សេវាបានចំនួន ២៧០នាក់។ ចំនួនភ្ញៀវជាតិ អន្តរជាតិមកចូលទស្សនាតាមរមណីយដ្ឋាននានានៅក្នុងរាជធានីមានចំនួនជាង ១១លាននាក់ ដែលមានកំណើតកើនឡើងជាង ៦៣ភាគរយ បើប្រាប់ធៀបឆ្នាំ២០២៣ ។
នេះគឺជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ។
ឯកឧត្ដម ឃួង ស្រេង បន្តថា នៅឆ្នាំ២០២៤ រាជធានីភ្នំពេញ មានសំណង់ បណ្តុំផ្ទះលែ្វងចំនួន ៤៥៣កន្លែង មានអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ១៨៧៧អគារ មានរោងចក្រចំនួន ៨១១រោងចក្រ កើនឡើង ១៨រោងចក្រ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ៖ ដើម្បីបានជាធាតុចូលសំខាន់ៗ ក្នុងអង្គសន្តិបាតនេះ ក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ បានលើកយកប្រធានបទចំនួន៦ មកពិភាក្សា ក្នុងនោះរួមមាន៖
១-ពិភាក្សាលើ ចំណុចខ្លាំង និងចំណុចខ្សោយ នៃការផ្ទេរមុខងារវិស័យអប់រំ ៣កម្រិត (ថ្នាក់មត្តេយ្យ ថ្នាក់បឋម និងអប់រំក្រៅប្រព័ន្ធ)។
២-ការពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងលុបបំបាត់សេវាសុខាភិបាលឯកជន ខុសច្បាប់នៅរាជធានីភ្នំពេញ។
៣-ការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ។
៤-ការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពសំណង់អគារខ្ពស់ៗ សំណង់ដែលផ្អាកការ សាងសង់និងសំណង់ទ្រុឌទ្រោមហួសការកំណត់ស្នាក់នៅ ដើម្បីលើកជាសំណើរទៅក្រសួង ដោយសារតែភ្នំពេញយើងជាទីក្រុងដែលមានវ័យចំណាស់។
៥-ការគ្រប់គ្រងសំណល់ប្លាស្ទិចតាមប្រព័ន្ធលូ-ប្រឡាយ និងស្ថានីយបូមទឹក ឈានទៅដល់ការផាកពិន័យចំពោះអ្នកចោលសំណល់ប្លាស្ទិចតាមប្រព័ន្ធលូ-ប្រឡាយ និងស្ថានីយបូមទឹកទាំងនេះ។
៦-ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើ ការ បង្ការ បង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងការគ្រប់គ្រងជនអន្តោប្រវេសន៍ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ៕
ដោយ ៖ ហេង សម្បត្តិ