“ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាមនិងសំណល់ប្លាស្ទិកតាមទីសាធារណៈ
(កំពង់ឆ្នាំង)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ និងបណ្តាដៃគូអភិវឌ្ឍន៍ ជាពិសេសរដ្ឋបាលខេត្ត កំពង់ឆ្នាំង ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ អង្គភាព ចំណុះពាក់ព័ន្ធ ជាពិសេស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមបណ្តាគ្រឹះស្ថានសិក្សា ចំណេះទូទៅនៅទូទាំងខេត្ត ចូលរួម ធ្វើឱ្យទូទាំងខេត្តកំពង់ឆ្នាំងយើងស្អាត សង្គមយើងស្អាត ប្រទេសជាតិយើងមានបរិស្ថានស្អាត គឺដើម្បីភាពស្អាតរបស់កម្ពុជាទាំងមូល។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីប្រកាស ខេត្តកំពង់ឆ្នាំង ជាខេត្ត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់ថា ភាពស្អាតក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅដល់ភាពស្អាតចេញពីក្នុងចិត្ត និងភាពស្អាត ទាំងបរិស្ថានរស់នៅលើដី លើមេឃនិងក្នុងទឹក។ នៅពេលដែលយើងមានភាពស្អាតចេញពីចិត្ត ហើយបរិស្ថានជុំវិញយើងនឹងស្អាត ជាលទ្ធផលយើង នឹងទទួលបានសង្គមជាតិទាំងមូល ដែលស្អាតជាក់ជាមិនខាន ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ពីការពង្រឹង កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបន្តយកចិត្តទុកដាក់ ជាអាទិភាពលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដោយធានាឱ្យគ្រប់ទីប្រជុំជន សហគមន៍ សាលារៀន មានសេវាប្រមូល ដឹកជញ្ជូន និងទីលានទុកដាក់សំរាមប្រកបដោយប្រសិទ្ធភាព និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំសម្អាតផ្ទះយើងឱ្យស្អាត ត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ ។
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង បានលើកឡើងថា យុទ្ធនាការ «កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ សម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅទូទាំងខេត្តកំពង់ឆ្នាំង ទទួលបានលទ្ធផលជាទីគាប់ចិត្ត ។
យុទ្ធនាការបានធ្វើអនាម័យសម្អាតតាមដងផ្លូវទូទាំងខេត្តបានចំនួន ៤១ខ្សែ, មានសាលារៀនទាំង ៣កម្រិតសិក្សា ចូលរួមចំនួន ៣៩៩សាលា , លោកគ្រូ អ្នកគ្រូចំនួន ៣ ៨៧១នាក់, សិស្សានុសិស្ស ចំនួន ១១៦ ៩៣៨នាក់, វត្តអារាមចំនួន ២១៩វត្ត (ព្រះសង្ឃចំនួន ២ ៦០០អង្គ) មន្រ្តីរាជការខេត្ត ក្រុង ស្រុកចំនួន ៦ ៩០៨នាក់, សាលាឃុំ សង្កាត់ ចំនួន ៧១ឃុំ សង្កាត់ ប្រជាពលរដ្ឋចំនួន ៤១៨ ៦៧៥នាក់ ស្មើនឹង ៧០% នៃប្រជាជនទូទាំងខេត្ត រោងចក្រសហគ្រាស ចំនួន ២២ អ្នកចូលរួមចំនួន ៤៥ ៦៦៨នាក់, អាជ្ញាធរ មូលដ្ឋានឃុំ សង្កាត់ចំនួន ១ ៣៨០នាក់ ក្នុងយុទ្ធនាការមានអ្នកចូលរួមសរុបចំនួន ៥៩៦ ០៤០អង្គ/នាក់ និងបានប្រមូលសំរាមបានចំនួន ២៦ ៣៤៩គីឡូក្រាម។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈយុទ្ធនាការនេះ ឆ្ពោះទៅសម្រេចឱ្យបានការប្រែក្លាយពីសកម្មភាពអនុវត្តជាក់ស្តែង ជាប្រចាំ ទៅជាចលនា ជំរុញឱ្យប្រជាពលរដ្ឋ មានទម្លាប់ល្អ នៅក្នុងការរក្សាភាពស្អាតរបស់កម្ពុជាជានិរន្តរ៍៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា