ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការងារចុះបញ្ជីដីធ្លីនិងដោះស្រាយវិវាទនៅក្នុងខេត្តព្រះសីហនុ នឹងបញ្ចប់ឲ្យបានឆាប់ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ និងលុបបំបាត់ភាពជ្រុលនិយមនៅក្នុងសង្គមជាតិ
(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍បញ្ជាក់ថា ក្រសួងនឹងបញ្ចប់ការងារចុះបញ្ជីដីធ្លីនិងដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់នៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ និងលុបបំបាត់ភាពជ្រុលនិយមនៅក្នុងសង្គមជាតិ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងនូវគំនិតមួយចំនួនដើម្បីឱ្យសមាជិកអង្គសន្និបាតបានត្រិះរិះពិចារណាគិតគូរធ្វើជាមូលដ្ឋានក្នុងការរៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ដើម្បីជំរុញអោយខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចំរើននិងទាក់ទាញទេសចរណ៍បន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អ្នកខេត្តព្រះសីហនុដែលបានទទួលយកក្រុមការងារដែលរាជរដ្ឋាភិបាលបានចាត់តាំងឱ្យចុះមកបំពេញការងារបម្រើប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុនេះ ដោយបានផ្ដល់នូវតម្លៃនិងការគោរពគ្នាទៅវិញទៅមកដើម្បីបុព្វហេតុរួម ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង និងចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាពលរដ្ឋនិងជំរុញវឌ្ឍនភាពខេត្តព្រះសីហនុនិងសូមបន្តប្រពៃណី ទំនៀមទម្លាប់ដ៏ល្អនេះតទៅមុខទៀត។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា ការបង្កើតក្រុមការងារចុះមូលដ្ឋានគឺជាយន្តការពង្រឹងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិឲ្យមានការគិតគូរស្មើគ្នា និងមានការឯកភាពគ្នា។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យរួមគ្នាគិតគូរអំពីចំណុចយុទ្ធសាស្ត្រដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដូចជា ទឹក ផ្លូវ ភ្លើង សាលារៀន មន្ទីរពេទ្យ ឱ្យបានទៅដល់គ្រប់មូលដ្ឋានដែលប្រជាពលរដ្ឋរស់នៅ ជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រអោយបានជាអតិបរមា៕
ដោយ / គ្រី សម្បត្តិ







