Paetongtarn នឹងទៅចិន ស្តារទំនុកចិត្តទេសចរណ៍

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra គ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសចិន នាដើមខែក្រោយនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងកសាងទំនុកចិត្តឡើងវិញ ក្នុងចំណោមភ្ញៀវទេសចរចិន នេះបើតាមកាសែត The Nation។

ប្រភពបានចុះផ្សាយ នៅថ្ងៃពុធនេះថា របៀបវារៈរបស់លោកស្រី Paetongtarn រួមមាន ទាំងកិច្ចប្រជុំកម្រិតខ្ពស់ ជាមួយមន្ត្រីចិន ដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ មុនពេលចូលរួម ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ី រដូវរងា ឆ្នាំ២០២៥ នៅទីក្រុង ហាប៊ីន នៅថ្ងៃទី ៧ ខែកុម្ភៈ ផងដែរ។

ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើង ក្នុងពេលដែលប្រទេសថៃ កំពុងដោះស្រាយបញ្ហា ជាមួយនឹងការព្រួយបារម្ភ អំពីជនជាតិចិន ដែលត្រូវបានបញ្ឆោត ដោយក្រុមជនខិលខូច តាមរយៈការហៅទូរស័ព្ទ និងបានទាក់ទាញ ឱ្យធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាបញ្ហាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់ប្រទេសថៃ ក្នុងចំណោមអ្នកទេសចរចិន ជាលើកដំបូង នេះបើតាម The Nation ដដែល។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ដែលបាននិយាយ កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ការិយាល័យអាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT នៅក្នុងប្រទេសចិន កំពុងធ្វើការយ៉ាងសកម្ម ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត និងកសាងទំនុកចិត្តឡើងវិញ។

ទោះជាយ៉ាងណា បើទោះបីជាមានបញ្ហាប្រឈមទាំងនេះក្តី រដ្ឋមន្ត្រីរូបនេះ បាននិយាយថា ចំនួនភ្ញៀវទេសចរចិន នៅតែមានស្ថិរភាព នេះបើតាមកាសែតថៃ មួយនេះ ដដែល៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner