វៀតណាមបារម្ភពីករណីចោរលួច នៅលើយន្តហោះ
ហាណូយ៖ វៀតណាម កំពុងបារម្ភលើករណីអំពើចោរកម្ម នៅលើយន្តហោះ ប៉ះពាល់ជាអវិជ្ជមាន ទាំងសិទ្ធិអ្នកដំណើរ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនអាកាសចរណ៍ នេះបើតាមការចុះផ្សាយ របស់កាសែត VNexpress កាលពីអង្គារ។
ការព្រួយបារម្ភចំពោះរឿងចោរកម្មនេះ បានកើតមានឡើង ក្រោយពេលដែលវៀតណាមបានឃើញពីការកើនឡើង ដ៏គួរឱ្យកត់សម្គាល់ លើការលួចដែលប្រព្រឹត្តដោយអ្នកដំណើរ នៅលើជើងហោះហើរ ចាកចេញពី ឬ ទៅដល់អាកាសយានដ្ឋានអន្តរជាតិវៀតណាម ក្នុងនោះ ដោយមានឧក្រិដ្ឋជន ៣៣នាក់ ប្រព្រឹត្តអំពើចោរកម្ម ចំនួន៣០លើក ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំ២០២៤ នេះបើតាមក្រសួងសន្តិសុខសាធារណៈ។
ក្រសួងអះអាងថា ជនសង្ស័យ ត្រូវបានកំណត់អត្តសញ្ញាណបាន
ទាំងនេះ ភាគច្រើន គឺតែងតែពាក់ព័ន្ធនឹងក្រុមរៀបចំប្រតិបត្តិការលួច មានផែនការច្បាស់លាស់ ទុកជាមុន។ ក្រសួងបាននិយាយថា ជាធម្មតា ជនល្មើស គឺជាជនបរទេស ដែលតែងតែធ្វើដំណើរ ទាំងក្នុង និងក្រៅប្រទេសវៀតណាម ពេលខ្លះ ប្តូរជើងហោះហើរ ក្នុងស្រុក និងអន្តរជាតិ ក៏ដូចជា ក្រុមហ៊ុនដឹកជញ្ជូន ផ្សេងៗគ្នា។
ឧក្រិដ្ឋជនទាំងនេះ មានទំនោរទិញសំបុត្រ នៅនាទីចុងក្រោយ ជៀសវាងឥវ៉ាន់របស់ពួកគេ ត្រូវបានត្រួតពិនិត្យ និង ជ្រើសរើសកៅអី ដែលជួយសម្រួលដល់សកម្មភាពខុសច្បាប់ របស់ពួកគេ។ ក្រុមចោរថែមបានកំណត់គោលដៅចម្បង លួចរបស់មានតម្លៃខ្ពស់ របស់អ្នកដំណើរ ដែលក្រុមជាអ្នកជំនួញ នេះបើតាមកាសែត VNexpress ដដែល៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត