៥ឆ្នាំទៀត ពិភពលោកអាចមានមហាសេដ្ឋីទ្រីលានដុល្លារ ៥នាក់
បរទេស៖ ពិភពលោកអាចនឹងមានមហាសេដ្ឋី ដែលមានទ្រព្យទ្រីលានដុល្លារ ឬ ពាន់ពាន់លានដុល្លារ ចំនួន៥នាក់ នៅទស្សវត្សរ៍ក្រោយ ឬ ៥ឆ្នាំទៀត លឿនជាងការព្យាករណ៍ពីមុន ដែលថា អាចមានត្រឹម តែម្នាក់ នេះបើតាមរបាយការណ៍ ស្តីពីវិសមភាពរបស់អង្គការ Oxfam មានមូលដ្ឋាន នៅអង់គ្លេស ចេញផ្សាយដោយកាសែត VNexpress ក្នុងសប្តាហ៍នេះ។
របាយការណ៍ចុងក្រោយ របស់អង្គការអន្តរជាតិ Oxfam បានឲ្យដឹងថា ខ្លួនបានបង្កើនការព្យាករណ៍នេះ គឺដោយសារតែមើលឃើញពីការប្រមូលផ្តុំអំណាចផ្តាច់មុខ របស់មហាសេដ្ឋីនានា កាន់តែមានឥទ្ធិពល លើឧស្សាហកម្ម និង មតិសាធារណៈ។ របាយការណ៍របស់ Oxfam ក៏បានចង្អុលបង្ហាញថា គ្រាន់តែឆ្នាំ២០២៤ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបានកើនឡើងចំនួន២ទ្រីលានដុល្លារ ដែលស្មើនឹងប្រហែល ៥.៧ពាន់លានដុល្លារ ក្នុងមួយថ្ងៃ លឿនជាងឆ្នាំ២០២៣ ដល់ទៅ ៣ដង។
Oxfam បានចេញផ្សាយរបាយការណ៍ក៏ ដើម្បីជំរុញដល់រដ្ឋាភិបាលនានា ចាត់វិធានការ ដើម្បីកាត់បន្ថយវិសមភាពខ្លាំងពេក រវាងអ្នកមាននិងអ្នកក្រ ក្នុងនោះ អង្គការ Oxfam បានណែនាំផងដែរថា គោលនយោបាយពន្ធជាសកល គួរតែស្ថិតនៅក្រោមអនុសញ្ញាពន្ធថ្មី របស់អង្គការសហប្រជាជាតិ ដោយធានាថា អ្នកមានបំផុតនិងសាជីវកម្មបង់ពន្ធ ដោយស្មើភាព។
លោក Amitabh Behar នាយកប្រតិបត្តិនៃអង្គការ Oxfam International បាននិយាយថា ការប្រមូលផ្តុំទ្រព្យសម្បត្តិ របស់មហាសេដ្ឋីទាំងនេះ ក៏បានបង្កើន អំណាចរបស់ពួកគេផងដែរ។
យ៉ាងណាមិញ របាយការណ៍ Oxfam មិនបានបង្ហាញថា បុគ្គលទាំង៥នាក់នេះ គឺជាមហាសេដ្ឋីរូបណាខ្លះទេប៉ុន្តែ កន្លងមក សារព័ត៌មាននានាបានចេញផ្សាយថា បុរសមានទ្រព្យច្រើនជាងគេលើលោក គឺលោក Elon Musk ជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនជាច្រើនទៀត អាចនឹងមានទ្រព្យកើនដល់១ទ្រីលានដុល្លារ នៅឆ្នាំ២០២៧។
រីឯ សន្ទស្សន៍មហាសេដ្ឋី Bloomberg Billionaires Index បានបង្ហាញថា បន្ទាប់ពីលោក Elon Musk គឺ លោកមហាសេដ្ឋី Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon, លោក Mark Zuckerberg នាយកប្រតិបត្តិ Meta, លោក Larry Ellison ស្ថាបនិក ក្រុមហ៊ុនបច្ចេកវិទ្យា Oracle និង លោក Bernard Arnault ប្រធានក្រុមហ៊ុនពហុជាតិអឺរ៉ុប LVHM៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត