ក្រសួងធនធានទឹកប្រកាសពីបាតុភូតចុះអ័ព្ទកើតឡើង ដែលនឹងបង្កការលំបាកដល់ការធ្វើដំណើរតាមដងផ្លូវរបស់ពលរដ្ឋកម្ពុជា
(ភ្នំពេញ)៖ កម្ពុជា នឹងមានបាតុភូតចុះអ័ព្ទកើតឡើង រយៈពេល ៩ថ្ងៃ នៃចុងខែមករានេះ ដែលនឹងបង្កការលំបាកដល់ការធ្វើដំណើរខ្លះៗរបស់ពលរដ្ឋក្នុងពេលធ្វើចរាចរណ៍តាមដងផ្លូវ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី២២ មករានេះ បានបញ្ជាក់ថា កម្ពុជានឹងមានធាតុអាកាសចុះអ័ព្ទ ដែលនឹងកើតឡើងរវាងពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ ។

បាតុភូតនេះ នឹងកើតមានចាប់ពីម៉ោង ២យប់ រហូតដល់ម៉ោង ៧ព្រឹក ។ ក្នុងសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ទៀតថា «បាតុភូតចុះអ័ព្ទនេះ នឹងមានការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើឲ្យអ្នកដំណើរមានការលំបាកខ្លះៗក្នុងពេលធ្វើដំណើរចរាចរណ៍ ។»

នៅទន្ទឹមនឹងបាតុភូតចុះអ័ព្ទនេះកើតឡើង ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ឯកសារ