ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ អាណាចក្រផ្កាថ្ម នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយសម្រាប់ខេត្តកែប
(កែប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា អាណាចក្រផ្កាថ្ម នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយសម្រាប់ខេត្តកែប ជាមួយនឹងការចូលរួមអបអរសាទរ និងកោតសរសើរចំពោះការផ្ដួចផ្ដើមគំនិតបង្កើតអាណាចក្រផ្កាថ្ម ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋ នៅក្នុងខេត្តកែប មានការងារធ្វើមានប្រាក់ចំណូល និងជាកន្លែងដែលជនបរទេស អាចចាត់ទុកខេត្តកែប ជាផ្ទះរបស់ខ្លួនផងដែរ។
នេះជាប្រសាសន៍ថ្លែងក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធ ស្នាដៃសិល្បៈរូបសំណាកផ្កាថ្ម ក្នុងគម្រោងឆ្នេរសមុទ្រគំរូ របស់រីសតថ្ងៃបាំងឆ័ត្រ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅខេត្តកែប ។
លោក Jeff Moons ម្ចាស់ក្រុមហ៊ុនថ្ងៃបាំងឆ័ត្រ បានអោយដឹងថា អាណាចក្រផ្កាថ្មមានកម្ពស់ ៥,៧ ម៉ែត្ររចនាឡើងពីថ្មភ្នំ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត នៃបរិស្ថានឆ្នេរសមុទ្រ ដែលបង្ហាញពីតម្រូវការចាំបាច់ សម្រាប់ការអភិរក្ស។ ស្នាដៃសិល្បៈនេះ រំលេចឱ្យឃើញ ពីការទទួលខុសត្រូវក្នុងការការពារ ធនធានសមុទ្រ ផ្កាថ្ម និងប្រព័ន្ធអេកូឡូស៊ីរបស់ខេត្តកែប សម្រាប់មនុស្សជំនាន់ក្រោយ។ លោកសង្ឃឹមថា អាណាចក្រផ្កាថ្ម នឹងទាក់ទាញភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា និងមកពីក្រៅប្រទេសផងដែរ ។ អាណាចក្រផ្កាថ្មនេះ មិនគ្រាន់តែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ តែជាការកែលម្អសម្រាប់គាំទ្រដល់ជីវៈចម្រុះ នៅបាតសមុទ្រ និងការអភិវឌ្ឍន៍ឆ្នេរសមុទ្រ របស់ខេត្តកែប ឱ្យកាន់តែមានសោភណភាព បន្ថែមទៀត ។អាណាច្រកផ្កាថ្ម ត្រូវបានរចនាឡើងដោយវិចិត្រករខ្មែរ លោក តាំង សុធា ដែលគាំទ្រដោយក្រុមហ៊ុន ស្ថាបត្យកម្ម Bloom ។ ក្រុមការងារជំនាញ បានចំណាយពេលជាង ២២ម៉ឺនម៉ោង ដើម្បីផ្គុំបំណែកថ្ម ចំនួន ២២៤០ដុំ ។ គម្រោងនេះ បានចំណាយទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា គណៈកម្មការឆ្នេរ បានកំណត់ថា តំបន់ឆ្នេរសមុទ្រកម្ពុជា គឺជារបៀងសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះយើងត្រូវរួមគ្នា រៀបចំឱ្យស្របតាមសក្តានុពលនៃតំបន់នីមួយៗដើម្បីប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាអោយទៅជារបៀងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋ រស់នៅ បង្កើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ ដល់ស្ថាបត្យករដែលមានទេពកោសល្យសិល្បៈក្នុងការរៀបចំកែច្នៃ និងសាងសង់អាណាចក្រផ្កាថ្ម ឱ្យលេចចេញជារូបរាងឡើងដ៏គួរអោយទាក់ទាញ ដែលអាចធ្វើឱ្យខេត្តកែបក្លាយជាសហគមន៍ប្រជាជាតិចម្រុះជាតិសាសន៍មកស្នាក់នៅលំហែកម្សាន្តនិងអាចចាត់ទុកទីនេះថាជាផ្ទះរបស់ខ្លួនបាន ដែលនេះ ជាប្រការល្អមួយសម្រាប់កម្ពុជាហើយនេះគឺជាផ្លែផ្កានៃសន្តិភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា សង្គមដែលស្រឡាញ់សិល្បៈ គឺជាសង្គមរីកចម្រើន ហើយឯកឧត្តមចង់ឃើញកម្ពុជា សំបូរទៅដោយស្ថាបត្យករដែលមានទេពកោសល្យសិល្បៈបែបនេះក្នុងការកែច្នៃការសាងសង់អគារដែលមិនត្រឹមតែមានគុណភាពរឹងមាំប៉ុណ្ណោះទេតែថែមទាំងមានសោភ័ណភាពល្អប្រណីតផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់ស្ថាបនិកអាណាចក្រផ្កាថ្ម ដែលបានចូលរួមកសាងសង្គមជាតិថ្មីរបស់កម្ពុជា ដែលនេះពិតជាបានបង្ហាញនូវគុណធម៌ចំពោះវីរភាពរបស់អ្នកជំនាន់មុនដែលបានខិតខំប្រឹងប្រែងនាំយកសន្តិភាពមកអោយកម្ពុជា ៕
ដោយ / គ្រី សម្បត្តិ