ឯកឧត្ដម គួច ចំរើន ចុះពិនិត្យ និងអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម
(ខេត្តកណ្ដាល)៖ ផ្ទៃដីស្រូវប្រាំងប្រមាណជា ២០០៧ហិចតា ក្នុងឃុំចំនួន៣ រួមមានឃុំទឹកវិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលប្រឈមក្នុងការខ្វះខាតទឹក សម្រាប់ស្រោចស្រព នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាង បានចុះពិនិត្យ និងអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងក្រុមការងារ បានចុះធ្វើការពិនិត្យ គ្រឿងចក្រចូលទៅស្តារលើទីតាំងប្រភពទឹកអូរអណ្តូង ត្រូវបូមសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម និងការខ្វះទឹកស្រោចស្រព។ ព្រមទាំងជួបជាមួយតំណាងព្រលានយន្តហោះតេជោក្រុងតាខ្មៅ ស្នើសុំចំពោះទឹកដែលស្តុកទុក សម្រាប់ប្រើប្រាស់ក្នុងព្រលាន ដើម្បីធ្វើការបង្ហូរចូលទៅក្នុងបឹងប្រាំរយ អាចឱ្យបងប្អូនប្រជាពលរដ្ឋ យកទឹកពីបឹងនេះយកទៅប្រើប្រាស់បាន។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលជាប្រជាកសិករកំពុងប្រឈមនឹងការខ្វះខាតទឹក ថា៖ សម្រាប់ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមនេះ អាជ្ញាធរបានធ្វើការដោះស្រាយជូនអោយមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំជូនដល់ប្រជាកសិករទាំងអស់ សូមឱ្យធ្វើស្រែតែម្តង ក្នុងវស្សានេះពីព្រោះបើសិនជាបងប្អូនប្រជាពលរដ្ឋបន្តធ្វើនៅលើកទី២ គឺអាចប្រឈមនឹងការខ្វះទឹកប្រើតែម្តង មិនថាតែស្រោចស្រពដំណាំទេ សូម្បីតែមនុស្ស និងសត្វក៏មិនទឹកសម្រាប់ ផឹក និងបរិភោគផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ






