ក្រសួងបរិស្ថាន សហការជាមួយក្រុមគ្រូពេទ្យស្មគ្រចិត្តនៃអង្គការ Yeryuzu Doktorlari នៃប្រទេសតួគីយេ រៀបចំកម្មវិធីអប់រំអនាម័យបរិស្ថាន សុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ ដោយឥតគិតថ្លៃ
(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្មគ្រចិត្តនៃអង្គការ Yeryuzu Doktorlari នៃប្រទេសតួគីយេ ចំនួន១០នាក់ ក្នុងនោះគ្រូពេទ្យនារីចំនួន៦នាក់ ដឹកនាំដោយលោកស្រី Zeynep Tarhan ដែលជាប្រធានគណៈប្រតិភូ រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរចំនួន១១នាក់ ដែលមានក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក បានរៀបចំកម្មវិធីអប់រំអនាម័យបរិស្ថាន សុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានចំនួន ៧២៨នាក់ ក្នុងនោះស្រ្តីចំនួន ៤០៥នាក់ មកពីឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ដែលបានគិតគូរការថែទាំសុខភាព និងបានសហការគ្នារៀបចំកម្មវិធីនាថ្ងៃនេះប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ។

លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមទៀតថា ការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពទី១របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានយកចិត្តទុកដាក់ខ្ពស់លើកលើកកម្ពស់ការសិក្សាអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងពង្រឹងសុខភាពសាធារណៈ តាមរយៈការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំ និងសុខាភិបាល រួមមាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅគ្រប់ទិសទីដើម្បីធានាដល់ការបម្រើសេវាកម្មព្យាបាលប្រជាពលរដ្ឋគ្រប់រូប ពិសេស ចាស់ជរា ជនពិការ ស្ត្រី កុមារ ដោយមិនប្រកាន់វណ្ណៈ ពណ៌សំបុរ ជនជាតិ និងទិន្នាការនយោបាយណាមួយឡើយ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានទទួលនូវការពិនិត្យ ព្យាបាលជំងឺពីក្រុមគ្រូពេទ្យជំនាញ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជាពិសេសសុខុមាលភាពរបស់ប្រជាជននៅតាមមូលដ្ឋាន ៕
ដោយ ៖ ជីម ភារ៉ា











