មន្រ្តីអ្នកនាំពាក្យ ក្រសួងកសិកម្ម ចុះពិនិត្យស្រែប្រាំង ដែលទទួលរងខ្វះខាតទឹក និងស្រែមាន សត្វល្អិតបំផ្លាញនៅខេត្តក្រចេះ
(ភ្នំពេញ)៖លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចុះពិនិត្យមើល ស្រែប្រាំងដែលខ្វះខាតទឹក ហើយកំពុងទទួលការអន្តរាគមន៍បូមទឹកសង្គ្រោះស្រែ និងពិនិត្យមើលស្រែមួយចំនួនដែលមានបញ្ហាសត្វល្អិតបំផ្លាញ។

ក្នុងដំណើរចុះពិនិត្យស្រែប្រាំងដែលធ្វើឡើងដោយ លោកជំទាវ អនុរដ្ឋលេខាធិការ និងក្រុមការងារជំនាញនេះដែរ បានជួបប្រជាកសិករម្ចាស់ ស្រែ ដោយក្នុងនេះបានចុះពិនិត្យស្រែប្រាំង ដែលទទួលរងការខ្វះខាតទឹក និងពិនិត្យមើលស្រែជួបប្រទះបញ្ហាសត្វល្អិតបំផ្លាញ នៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងពិធីនេះដែរ លោកជំទាវ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង១០០នាក់ ជាមួយនឹងនាំយកថវិការបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ជួយឧបត្ថម្ភដល់ការបូមទឹកសង្រ្គោះដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ចំនួន ៣៨៩គ្រួសារ ឬស្មើនឹងផ្ទៃដីដំណាំស្រូវចំនួន ៤៨៣ហិកតា។

គួរបញ្ជាក់ថា ក្នុងដំណើរបេសកកម្មនោះតាមរយៈការពិនិត្យពីមន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្ត ស្រែមួយចំនួនកំពុងរងការយាយីពីដង្កូវរមូរស្លឹក និងមមាចត្នោត។ ដោយមន្រ្តីជំនាញបានពន្យល់ទៅបងប្អូនប្រជាកសិករម្ចាស់ស្រែ ពីវិធីកម្ចាត់សត្វល្អិតចង្រៃ និងវិធីសាស្រ្តនៃការព្យាបាលជំងឺដែលកំពុងកើតឡើងទាំងនេះ ។

ក្នុងពិធីនេះដែរ លោកជំទាវ អ៊ឹម រចនា បានណែនាំ និង ផ្តល់អនុសាសន៍ដល់ប្រជាកសិករបន្តការតាមដានមើលថែស្រែជាប្រចាំ សហការណ៍ផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីចុះពិនិត្យលទ្ធភាពដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៕
ដោយ ៖ ម៉ាដេប៉ូ



