អង្គការណាសាទទួលបានសមាជិកថ្មីក្នុងបេសសកម្មរុករកឋានព្រះចន្ទ

ហែលស៊ិនគី ៖ បេសសកម្ម Artemis ទើបតែទទួលបានសមាជិកទី ៥៣ ប្រការនេះនឹងជួយរុញច្រានកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ NASA ដើម្បីបង្កើតការរុករកអវកាសអន្តរជាតិដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការ។

ប្រទេសហ្វាំងឡង់បានចូលរួមជាមួយបេសសកម្ម Artemis របស់អង្គការ NASA នៅថ្ងៃទី២១ ខែមករា នៅក្នុងពិធីចុះហត្ថលេខាមួយ ដែលធ្វើឡើងនៅខាងក្រៅសិក្ខាសាលាផ្កាយរណបរដូវរងាឆ្នាំ ២០២៥ នៅទីក្រុង Espoo ប្រទេសហ្វាំងឡង់។

ការចុះហត្ថលេខានេះធ្វើឱ្យហ្វាំងឡង់ក្លាយជាប្រទេសចុងក្រោយគេ ដែលចូលរួមជាមួយបេសសកម្មរុករកអវកាសប្រកបដោយសុវត្ថិភាព និងប្រកបដោយការទទួលខុសត្រូវរួម ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ NASA។

កម្មវិធី Artemis ត្រូវបានប្រកាសជាផ្លូវការកាលពីឆ្នាំ២០១៧ ក្រោមផ្នែកនៃគម្រោងរបស់ NASA ក្នុងបង្កើតវត្តមានយូរអង្វែងនៅលើឋានព្រះចន្ទ ហើយអនុវត្តមេរៀន ដែលទទួលបាននៅទីនោះ សម្រាប់បេសកកម្មនាពេលអនាគត ដើម្បីឆ្ពោះទៅកាន់ភពអង្គារថែមទៀត។

បេសកកម្មដំបូងបង្អស់នៃកម្មវិធី Artemis ហៅថា Artemis-1 ដែលជាការធ្វើតេស្តហោះហើរយានអវកាស ដោយពុំមានផ្ទុកមនុស្សឆ្ពោះទៅ និងត្រឡប់មកពីឋានព្រះចន្ទបានប្រព្រឹត្តទៅកាលពីឆ្នាំ២០២២ ក្រោយពន្យារពេលអស់ប៉ុន្មានលើក។

ប្រធានទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Nelson បានឱ្យដឹងថា បេសកកម្ម Artemis-2 ដែលគ្រោងបញ្ជូនអវកាសយានិកមួយក្រុមទៅកាន់ឋានព្រះចន្ទ ត្រូវបានពន្យារពេលពីឆ្នាំ២០២៤ ទៅដល់ខែកញ្ញា ឆ្នាំ២០២៥វិញ។

ចំណែក បេសកកម្ម Artemis-3 ដែលនឹងបញ្ជូនក្រុមអវកាសយានិកឱ្យទៅជាន់ ផ្ទៃប៉ូលខាងត្បូងរបស់ឋានព្រះចន្ទ ក៏ត្រូវបានលើកពេលផងដែរ ពោលគឺពីឆ្នាំ២០២៥ ទៅកាន់ខែកញ្ញា ឆ្នាំ២០២៦៕

ប្រភព ៖ Space និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner