សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយដល់អ្នកជំងឺចំនួន ៥៥០នាក់ និងកម្មករអនាម័យចំនួន ៩៣នាក់ នៅមន្ទីរពេទ្យព្រះអង្គឌួង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឲ្យក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានអញ្ជើញជួបសំណេះ​សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយសម្រាលការ​លំបាក​ដល់អ្នកជំងឺចំនួន ៥៥០នាក់ និងកម្មករអនាម័យចំនួន ៩៣នាក់ នៃមន្ទីរពេទ្យព្រះអង្គឌួង នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រូពេទ្យ និងអ្នកជំងឺទាំងអស់ ជាពិសេសការថ្លែងអំណរគុណដល់គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានបំពេញតួនាទីប្រកបដោយក្រមសីលធម៌ មានវិជ្ជាជីវៈនិងបច្ចេកទេសខ្ពស់ ក្នុងការផ្តល់សេវាកម្មជូនបងប្អូនប្រជាជនយើងគ្រប់មជ្ឈដ្ឋាន ហើយជាពិសេសបានអភិវឌ្ឍខ្លួនពីមន្ទីរពេទ្យដែលទទួលពិនិត្យព្យាបាលតែភ្នែក-ត្រចៀក-ច្រមុះ-បំពង់ក ទៅជាការពិនិត្យព្យាបាលពហុជំងឺ ដែលជាមធ្យមក្នុងមួយថ្ងៃៗ មានអ្នកជំងឺពិនិត្យពិគ្រោះក្រៅប្រមាណ ៣ពាន់នាក់, អ្នកជំងឺសម្រាកពេទ្យ ប្រមាណ ៤៥០នាក់ និងអ្នកជំងឺវះកាត់ប្រមាណ ២០០នាក់។

ជាមួយគ្នានេះ លោកជំទាវ បានអំពាវនាវដល់បងប្អូនប្រជាជនយើង សូមយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ត្រូវចេះស្រឡាញ់ខ្លួនឱ្យស្ងួនចំណី ការពារប្រសើរជាងព្យាបាល និងត្រូវហាត់ប្រាណជាប្រចាំ ដើម្បីជៀសផុតពីជំងឺមិនឆ្លងនានាដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម។

សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារអ្នកជំងឺ​នីមួយៗ ទទួលបាន មី១កេស, ត្រីខ ១០កំប៉ុង, ទឹកដោះគោប្រអប់ ១ឡូ (១២ប្រអប់) និងថវិកាមួយចំនួន។ ដោយឡែក កម្មករអនាម័យចំនួន ៩៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាមួយចំនួនផងដែរ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner