សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់ថវិកា ជូនលោកតាធាក់ស៊ីក្លូ រងគ្រោះថ្នាក់ចរាចរណ៍
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការីកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ចុះសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យ និងនាំយកថវិកាចំនួន ២០លានរៀល រួមជាមួយភេសជ្ជៈ ផ្លែឈេីមួយចំនួនទៀត ជូនដល់លោកតា ម៉ែន សុខ សម្រាប់ជួយសម្រាលការលំបាកក្នុងពេលសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះអង្គដួង នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះលោកតាដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ លោកជំទាវ បានគូសបញ្ជាក់ថា៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ពេលដែលបានដឹងដំណឹងនេះហេីយ លោកមានការព្រួយបារម្ភពីសុខទុក្ខរបស់លោកតា ចាត់ឱ្យសហការីតាមដានជាប្រចាំជាមួយខាងមន្ទីរពេទ្យ ហេីយថ្ងៃនេះ លោកបានចាត់ឱ្យសហការី ចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកគ្រឿងភេសជ្ជៈ ផ្លែឈេី និងថវិកា ជូនដល់លោកតា និងសូមឱ្យលោកតាឆាប់បានជាសះស្បេីយឡេីងវិញ មានសុខភាពល្អ និងអាយុយឺនយូរ។»
លោកតា ម៉ែន សុខ មានក្តីរំភេីបរីករាយឥតឧបមា ដោយទទួលបានការឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វេីឱ្យលោកតាមានភាពកក់ក្តៅ ក្តីសង្ឃឹម និងឈប់ប្រកបរបរធាក់ស៊ីក្លូដូចមុនទៀតហេីយ។ លោកតា សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន , សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដេីម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាបតទៅ។
សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត ជួបការលំបាក ដោយគ្មានការរេីសអេីង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬព័ណ៌សម្បុរអ្វីឡេីយ។ ជាក់ស្តែងចំពោះអ្នកប្រកបមុខរបរធាក់ស៊ីក្លូនេះ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣១១នាក់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ម្តងរួចមកហេីយ ៕
ដោយ / គ្រី សម្បត្តិ