Trump បញ្ជាឱ្យបន្ថែមទ័ព ១,៥០០នាក់ ទៅព្រំដែនអាមេរិក-ម៉ិកស៊ិក
បរទេស ៖ អ្នកនាំពាក្យរបស់លោក Trump បាននិយាយ កាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាឱ្យដាក់ពង្រាយយោធា ចំនួន១,៥០០នាក់ បន្ថែមទៀត ទៅកាន់ព្រំដែនជាមួយប្រទេសម៉ិកស៊ិក ដែលជាផ្នែកមួយ នៃជំហានដ៏ច្របូកច្របល់ ដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍។
សន្តិសុខព្រំដែនគឺជាអាទិភាពសំខាន់ សម្រាប់ប្រធានាធិបតី ដែលធ្លាប់បានប្រកាសភាពអាសន្នជាតិ នៅព្រំដែនអាមេរិកជាមួយម៉ិកស៊ិក នៅថ្ងៃដំបូង ដែលលោកចូលកាន់តំណែង។ ការបន្ថែមទាហាននេះ នឹងនាំឱ្យចំនួនទាហានសកម្មសរុប ដែលដាក់ពង្រាយ នៅទីនោះ កើនដល់ប្រហែល ៤,០០០នាក់ ។
លេខាធិការសារព័ត៌មាន អ្នកនាង Karoline Leavitt បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា «ប្រធានាធិបតី Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ សម្រាប់កងទ័ពបន្ថែម ១,៥០០នាក់ សម្រាប់ព្រំដែនភាគខាងត្បូង របស់សហរដ្ឋអាមេរិក»។
ទាហានបន្ថែមនោះ រួមមាន ទាហានជើងគោក ១,០០០នាក់ និង ទាហានម៉ារីន ៥០០នាក់ នេះបើតាម មន្ត្រីយោធាជាន់ខ្ពស់អាមេរិក ប្រាប់អ្នកកាសែត នៅមន្ទីរបញ្ចកោណ។
ទាហានម៉ារីនទាំងនេះ ដំបូងឡើយ ត្រូវបានអំពាវនាវឱ្យគាំទ្រដល់ប្រតិបត្តិការទប់ទល់នឹងភ្លើងឆេះព្រៃ ដ៏សាហាវ នៅរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែ ក្រោយមក ពួកគេត្រូវបានផ្លាស់ប្តូរ ឲ្យទៅបំពេញបេសកកម្ម ព្រំដែនជំនួសវិញ នេះបើតាមមន្ត្រីម្នាក់បាននិយាយ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត