ក្រសួងសុខាភិបាល ទទួល ឡដុតសំណល់ឆ្លងរោគ ចំនួន២៩ ពី​រដ្ឋា​ភិបាលជប៉ុន ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លង​រោគនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា​ភិបា​ល និងឯកឧត្ដម UENO Atsushi (អ៊ូ អ៊ី ណូ អាត់ ស៊ូ ស៊ី) ឯកអគ្គរ​ដ្ឋ​ទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំ កម្ពុជា អមដោយ លោក សាណុយ កាហ្សូម៉ាស្សា (SANUI Kazumasa) ប្រធានតំណាងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ​នៃប្រ ទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា និងក្រុមការងារ បាន​អញ្ជើញចូលរួមពិធីប្រគល់-ទទួល ឡដុតសំណល់ឆ្លងរោគចំនួន ២៩ ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា ជូនក្រសួងសុខាភិបាល ដែលជាអំណោយរបស់ប្រជាជន និងរដ្ឋាភិ​បាល​ជប៉ុន ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីសោម​នស្ស​រីក​រាយ ចំពោះការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាលជប៉ុន ជូនប្រ​ជា​ជន និងរាជរដ្ឋាភិបាល កម្ពុជា ដែលអំណោយដ៏ថ្លៃថ្លានេះ​មានសារៈ​សំខាន់ ស្របទៅនឹងតម្រូវការចាំបាច់របស់វិស័យសុខាភិបាល ក្នុង​ការពង្រឹងមូលដ្ឋានសុខាភិបាល និងធ្វើឱ្យប្រសើរឡើង​នូវ​ស្ថេរភាព​បរិស្ថានក្នុងមន្ទីរពេទ្យ។

ឡដុតសំណល់ឆ្លងរោគទំនើបទាំង២៩ ដែលជាជំនួយឥត​សំណង​នេះ បានបំពាក់នូវបច្ចេកវិទ្យាទំនើបរបស់ជប៉ុន ដែលមាន​សមត្ថ​ភាព​ធ្វើប្រព្រឹត្តកម្មសំណល់រហូតដល់ ១៤៥២គីឡូក្រាម ក្នុង១ថ្ងៃ នៅតាមមន្ទីរពេទ្យក្នុងខេត្តគោលដៅចំនួន១០ រួមមាន៖ ខេត្ត​បន្ទាយ​មាន​ជ័យ បាត់ដំបង កំពង់ឆ្នាំង កំពងចាម កំពត កណ្តាល ក្រចេះ ព្រៃវែង សៀមរាប និងខេត្តស្វាយរៀង។ ឡដុតនេះ មាន​ប្រ​សិទ្ធភាពប្រព្រឹត្តកម្មលើ៖,សំណល់ឆ្លងរោគ ,សំណល់សរីរាង្គ​កាយ ,សំណល់វត្ថុមុតស្រួច និង សំណល់ឱសថ (បរិមាណតិចតួច) ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់​មន្ត្រី​សុខា​ភិបាល ទទួលបន្ទុកផ្នែកសំណល់ឆ្លងរោគ ត្រូវថែទាំ ឡតាមគោល​ការណ៍ណែនាំឱ្យបានត្រឹមត្រូវ ខិតខំអនុវត្តការងារតាមនីតិវិធី​ប្រ​ព្រឹត្ត​កម្មសំណល់ឆ្លងរោគ ដើម្បីធានាបាននូវការប្រើប្រាស់ឡដុត ក្នុងរយៈពេលយូរប្រកបដោយសុវត្ថិភាពចំពោះបរិស្ថាន និងត្រូវ​សហការគាំទ្រមណ្ឌលសុខភាពធ្វើប្រព្រឹត្តកម្មសំណល់ឆ្លងរោគ ដើម្បីធានាសុវត្ថិភាព។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅបំផុតដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈ ឯកឧត្តម​ឯកអគ្គរដ្ឋទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​បានលើកកំពស់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍប្រព័ន្ធ​សុខាភិ​បាល ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរសុខាភិបាល ជាពិសេសមន្ទីរពេទ្យខេត្ត ស្រុក សូមចូលរួមជួយថែរក្សា និងប្រើ​ប្រាស់​ឡដុតនេះឱ្យមានប្រសិទ្ធភាព អនុលោមតាមគោលការណ៍​ណែនាំស្តីពីការប្រើប្រាស់ឡ ឱ្យបានត្រឹមត្រូវ ដើម្បីធានាឱ្យបាន​នូវការប្រើប្រាស់​ក្នុងរយៈពេលយូរ និងប្រកបដោយសុវត្ថិភាព ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner