ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញក្រុងពិលី បើកការដ្ឋានសាងសង់ឆ្នេរប្រណិតដំបូងគេនៅខេត្តកែប
(ខេត្តកែប)៖ ឆ្នេរប្រណិតកម្រិតខ្ពស់ខេត្តកែប «ឆ្នេរតេជោសន្តិភាពកែប» បានក្រុងពិលីចាប់ផ្តើមបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។
បើតាមអាជ្ញាធរខេត្តបានឲ្យដឹងថា គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» ធ្វើឡើងក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រួមគ្នារវាងរដ្ឋ និងឯកជន ក្នុងគោលដៅកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈដ៏ប្រណិតសម្រាប់បម្រើការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តកែប ។
ការអភិវឌ្ឍឆ្នេរប្រណិតកម្រិតខ្ពស់នៅខេត្តកែប គ្រោងប្រើប្រាស់រយៈពេល ២ ឆ្នាំលើឆ្នេរប្រវែង ២៧០០ ម៉ែត្រ។ បើតាមលោកអភិបាលខេត្ត តាមគម្រូប្លង់មេ ឆ្នេរកម្សាន្តខេត្តកែបដែលចាប់ផ្តើមបើកការដ្ឋានសាងសង់នៅពេលនេះ ចាត់ទុកជាគម្រោងអភិវឌ្ឍឆ្នេរដ៏ប្រណិតដំបូងគេក្នុងប្រទេសកម្ពុជា ។ តាមរយៈគម្រោងអភិវឌ្ឍឆ្នេរកម្សាន្តថ្មីនេះ នឹងជួយលើកកម្ពស់មុខមាត់ខេត្តកែប ក៏ដូចជាទាក់ទាញទេសចរមកកម្សាន្តខេត្តកែបកាន់តែច្រើនថែមទៀត។
បើតាមប្លង់មេ គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នៅខេត្តកែប មានប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្ដាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្នុងនោះឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ មានទទឹងយ៉ាងតិចប្រវែង ៣០ ម៉ែត្រ មានការសាងសង់សួនច្បារសាធារណៈ ដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រមានទទឹង ៥០ ម៉ែត្រ។ ។
គម្រោងអភិវឌ្ឍនេះ ក៏មានការស្ថាបនាវិថី និងអនុវិថីចូលឆ្នេរសមុទ្រចំនួន ៥ ខ្សែ រួមមានការរៀបចំផ្លូវថ្មើរជើង ផ្លូវថ្មើរជើងសម្រាប់ជនមានពិការភ្នែក និងផ្លូវជិះកង់ និងរង្វង់មូលគយគន់ទេសភាពចំនួន ២ កន្លែង។ រង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង ៩៩ ម៉ែត្រស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅក្នុងទម្រង់មេទ័ពជាញជ័យ។ រីឯរង្វង់មូលទី ២ មានអង្កត់ផ្ចិតប្រវែង ៩៩ ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី២ គ្រោងរក្សាទុកជាលម្អសាធារណៈសម្រាប់ប្រារព្ធពិធីបុណ្យនិងពិព័រណ៍នានា។
គម្រោងអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នៅខេត្តកែប តាមផែនការអាចបញ្ចប់នៅឆ្នាំ ២០២៧៕
ដោយ / គ្រី សម្បត្តិ