ស្រុកកំពង់លែង សម្បូរដោយសក្តានុពលធនធានធម្មជាតិទេសចរណ៍មិនទាន់កែច្នៃ និង សម្បូរទៅដោយទេសភាពផ្លូវទឹក ស្រស់ត្រកាល
(ភ្នំពេញ)៖ បើនិយាយពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំនោះគេនឹងគិតទៅដល់ភ្លាម “រមនីយដ្ឋានភ្នំនាងកង្រី”និងអ្វីដែលល្បីឈ្មោះមួយទៀតដែរនោះគឺ ឃុំ កំពង់ហៅ ដែលមានចម្រៀងមួយបទក្រោមចំណងជើងថា “បុប្ផាកំពង់ហាវ” ជាបទចម្រៀង ច្រៀង និងនិពន្ធទំនុកច្រៀង ព្រមទាំងនិពន្ធបទភ្លេងដោយ លោក ស៊ីន ស៊ីសាមុត។
កាលបើនិយាយដល់តំបន់មួយនេះអ្នកទេសចរខ្មែរមួយចំនួន ពុំបានដឹងជាក់ឬបានទៅដល់ដោយផ្ទាល់ឡើយ ដោយគេអាចដឹងត្រឹមតែរយៈរូបភាព ឬឈ្មោះ និងពិសេសជាងនេះទៅទៀតនោះគឺបទចម្រៀងដ៏ពិរោះរណ្តំដែលរៀបរាប់អំពីជម្រៅចិត្តស្នេហាបង្កប់ទៅដោយអត្ថន័យបទចម្រៀងរបស់ លោក ស៊ីន ស៊ីសាមុត រៀបរាប់ស្នេហាទៅលើអ្នកគ្រូពេទ្យម្នាក់នៅឃុំកំពង់ហៅ។
គួរបញ្ជាក់ថាកំពង់ឆ្នាំងជាខេត្ដមួយដែលស្ថិតនៅជុំវិញបឹងទនេ្លសាប មានចម្ងាយប្រមាណ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍ប្រមាណ ២៤ កន្លែង ក្នុងនោះតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមាន ១០ កន្លែង និងតំបន់ទេសចរណ៍ធម្មជាតិមាន ១៤ កន្លែង។
ខេត្តនៅភាគកណ្តាលប្រទេសកម្ពុជាមួយនេះល្បីខាសិប្បកម្មសូន្យឆ្នាំង រាប់ជំនាន់មកហើយនេះ ក៏មានរមណីយដ្ឋានទេសចរណ៍ច្រើនកន្លែង។ ក្រៅពីរមនីយដ្ឋានភ្នំនាងកង្រី ល្បីទូទាំងប្រទេស និងជាអត្តសញ្ញាណខេត្តមួយនេះ អ្វីចាប់អារម្មណ៍មួយទៀត ហើយជារឿយគេតែងមើលរំលងដែរនោះគឺតំបន់ទេសចរណ៍តាមទឹកនៅឃុំកំពង់ហៅ និងតំបន់ទេសចរណ៍តាមទឹក តំបន់ប្រាសាទជាច្រើនកន្លែងទៀតស្ថិតនៅក្នុងខេត្តនេះ។
លោក អេង ស្រស់វណ្ណៈ អភិបាលរង ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង បានឱ្យដឹងថា៖ស្រុកកំពង់លែងប្រៀបប្រដូចទៅនឹងគ្រាប់ពេជ្រមិនទាន់កែច្នៃ ដោយសារតំបន់សក្តានុពលទេសចរណ៍ជាច្រើនមិនទាន់បានអភិវឌ្ឍន៍នៅឡើយ។
លោកបានបញ្ជាក់ថា ការអភិវឌ្ឍន៍ទៅលើវិស័យទេសចរណ៍គឺ ពឹងផ្អែកទៅលើកត្តា៤ ក្នុងនេះដូចជា អាជ្ញាធរចូលរួម ,កត្តាប្រជាពលរដ្ឋចូលរួមដោយរាក់ទាក់ សម្អាតអនាម័យបរិស្ថាន, កត្តាអ្នកវិនិយោគ លើវិស័យទេសចរណ៍ និងកត្តាទី៤គឺកត្តាផ្សព្វផ្សាយដើម្បីឱ្យភ្ញៀវទេសចរចូលមកកម្សាន្ត។
អភិបាលរង ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំងរូបនេះបានបញ្ជាក់ប្រាប់ដែរថា៖អ្នកទេសចរណ៍ ត្រឹមតែពួកគេធ្វើដំណើរតាមសាឡាងឆ្លងកាត់មក ឃុំ កំពង់ហៅ និងតំបន់ផ្សេងៗទៀតគឺនឹងបានឃើញទេសភាពកោះ និងផ្ទៃទឹកដ៏ស្រស់ស្អាតជាប់ចិត្តពុំខានឡើយ។ទេសភាពដ៏ល្អប្រណិតទាំងនេះក៏មានភ្ញៀវទេសចរ ចូលមកកម្សាន្តទាំងជាតិ និងភ្ញៀវអន្តរជាតិជាបន្តបន្ទាប់ គ្រាន់តែចំនួននៅតិចតួចនៅឡើយ។
លោក អេង ស្រស់វណ្ណៈបានឱ្យដឹងបន្ថែមថានៅថ្ងៃអនាគតលោកចង់ឱ្យអ្នកវិនិយោគមកធ្វើការអភិវឌ្ឍន៍តំបន់នេះដើម្បីប្រែក្លាយជាតំបន់ទេសចរ៍សម្រាប់លើកស្ទួយជីវភាពប្រជាពលរដ្ឋ ពីព្រោះថាបច្ចុប្បន្នយើងមានសក្តានុពលស្រាប់ទៅហើយរង់ចាំតែអភិវឌ្ឍន៍បន្ថែមដើម្បីទទួលភ្ញៀវទេសចរតែប៉ុណ្ណោះ។
លោក ប៊ុត សប្បាយ មេឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឱ្យដឹងដែរថា ៖ ជារៀងរាល់សប្តាហ៍អាជ្ញាធរឃុំតែងចេញផ្សព្វផ្សាយ និងនាំសិស្សានុសិស្ស ពលរដ្ឋរួមគ្នាសម្អាតតាមដងផ្លូវផ្ទះសម្បែងសំដៅធ្វើយ៉ាងណាឱ្យភូមិឃុំស្អាតគ្មានសំរាម និង ប្រកបដោយអនាម័យ ។ការសម្អាតនេះក៏ជាផ្នែកមួយក្រៅពីជួយដល់ការរស់នៅស្អាត ហើយនៅអាចជួយទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកកម្សាន្តថែមទៀត។
ដោយឡែក ឯកឧត្តម ឡេង គឹមស្រុង អគ្គនាយករង នៃ អគ្គនាយកដ្ឋាន គាំពារបរិស្ថាន ក្រសួងបរិស្ថាន បានឱ្យដឹងថាក្រសួងរួមជាមួយមន្រ្តីមូលដ្ឋានបំផុសចលនាពលរដ្ឋសម្អាតអនាម័យបរិស្ថាន ដើម្បីរួមចំណែកលើកកម្ពស់ឱ្យការរស់នៅស្អាត ភូមិឋានស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានខ្យល់អាកាសល្អ ព្រមទាំងមានភាពទាក់ទាញអ្នកទេសចរណ៍មកកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
គួរបញ្ជាក់ថា ឃុំកំពង់ហាវ គឺជាឃុំមួយក្នុងចំណោមឃុំទាំង៩ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រួមមាន÷ ឃុំដារ ឃុំច្រណូក ឃុំតាងិល ឃុំស្វាយអំពារ ឃុំពោធិ៍ ឃុំសំរោងសែន ឃុំផ្លូវទូក ឃុំប្រឡាយមាស និងឃុំកំពង់ហាវនេះឯង។
ក្រៅពីនេះ នៅក្នុងប្រវត្តិសាស្ត្រពង្សាវតារខ្មែរ ក៏គេឃើញមានការរៀបរាប់អំពីតំបន់”កំពង់ហាវ” ដែលជតំបន់លាក់ទុកកងទ័ពជើងគោក និងជើងទឹករបស់មហាក្សត្រខ្មែរជំនាន់សឹកសង្គ្រាមជាមួយនគរជិតខាងជាច្រើនណាស់ដែរ។ក្នុងភូមិសាស្ត្រឃុំកំពង់ហាវ និងបណ្តាឃុំជាប់ៗនេះ មានបន្សល់ទុកប្រាង្គប្រាសាទឥដ្ឋជាច្រើនដូចជា ប្រាសាទស្រី ប្រាសាទប្រុស ប្រាសាទពណ្ណរាយ ប្រាសាទសក្លរ និងភ្នំជាច្រើនទៀតដូចជា ភ្នំតាងិល ភ្នំកង្កែប ភ្នំទូកមាស ភ្នំកង្រី និងជួរភ្នំជាច្រើនរាប់សិបទៀត ដែលគេស្គាល់ឈ្មោះមិនអស់ និងមានធនធានរ៉ែធម្មជាតិ តំបន់ស័ក្តិសិទ្ធិជាច្រើនទៀតសម្រាប់ទាក់ទាញវិស័យទេសចរណ៍ ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ជីម ភារ៉ា