ឯកឧត្តម ឌិត ទីណា ៖ ក្រសួងបានបង្កើតសហគមន៍ទំនើបចំនួន៩ នៅក្នុងខេត្តចំនួន ៦
(ភ្នំពេញ)៖ មកដល់ពេលនេះក្រសួងកសិកម្មបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន ៦ដោយផ្តោតទៅលើដំណាំយុទ្ធសាស្រ្ត៤ គឺស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ។
ថ្លែងក្នុងពិធីបិទ «សន្និបាត បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥កន្លងមក ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ក្នុងចំណោមនេះមានសហគមន៍ចំនួន៥បានទទួលប្រាក់កម្ចី៨៥ម៉ឺនដុល្លាររួចមកហើយក្នុងអត្រាការប្រាក់ទាបពោលគឺត្រឹមតែ ៧ភាគរយក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ក្រសួងកសិកម្មបានសហប្រតិបត្តិការល្អជាមួយដៃគូជាច្រើនក្នុងនេះដូចជា ធានាគារវីង សហគ្រិនខ្មែរ សាជីវកម្មឥណ្ឌទានកម្ពុជា និងក្រុមហ៊ុនបៃតងដើម្បីបង្កើនការគាំទ្រដល់សហគមន៍កសិកម្មទំនើប ។
ឯកឧត្តម ឌិត ទីណាបានថ្លែង ដោយបញ្ជាក់បន្ថែមថាក្រសួងគ្រោងប្រើប្រាស់ថវិការពិសេសមួយចំនួនដើម្បីជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ដោយផ្តល់ការគាំទ្រដល់សហគមន៍ដែលស្ម័គ្រចិត្តចូលរួមផលិតស្រូវផ្ការំដួល និងស្រូវសែនក្រអូបរបស់កម្ពុជាដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារដែលមានស្រាប់ ដោយការប្រើប្រាស់កម្ចីការប្រាក់ទាប ។
ឯកឧត្តមបានឱ្យដឹងដែរថា ៖ ក្នុងនោះក្រសួងបានជួយសម្រួលក្នុងការពង្រីកកិច្ចសហការណ៍ជាមួយដៃគូធនាគារ ក្នុងការផ្តល់ប្រាក់កម្ចីការប្រាក់ទាបជូនដល់សហគមន៍ដែលបានបង្កើតឡើងចង់ខ្ចីប្រាក់ប្រើប្រាស់ ។
បើតាម ឯកឧត្តម ឃឹមហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើងនាកន្លងមកថាគោលបំណងការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម ។
ជាមួយគ្នានេះ ការបង្កើតសហគមន៍កសិកម្មទំនើបក៏ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកសិផលក្នុងស្រុកទាំងតម្លៃ បរិមាណ និងគុណភាព តាមរយៈការប្រែក្លាយការធ្វើកសិកម្មពីលក្ខណៈគ្រួសារ ទៅជាសហគ្រាសសេដ្ឋកិច្ចរឹងមាំ ដែលមានទំហំជាពាណិជ្ជកម្ម ៕
ដោយ ៖ ម៉ាដេប៉ូ