អភិបាលខេត្តកំពង់ចាម​បញ្ជូន​ទឹក​ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​ជិតមួយម៉ឺន​ហិកតា​ តាម​ការ​ស្នើសុំ​របស់​អាជ្ញាធរ​​ខេត្ត​ព្រៃវែង​

កំពង់ចាម​:៖បន្ទាប់ពី​មាន​ការ​ស្នើសុំ​របស់​អាជ្ញាធរ​ខេត្ត​ព្រៃវែង​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាមបាន​ដោះស្រាយ​ភ្លាមៗ ។បន្តមកកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥៤ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបាន​អញ្ជើញ​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ​ស្រោចស្រព​ វ៉ៃកូ​ ជំហាន​១​ ស្ថិតក្នុង​ឃុំមហាលាភ ស្រុកកោះសូទិន ដើម្បី​បូម​ទឹក​ជួយសង្គ្រោះស្រូវ​ប្រាំងជិត​មួយម៉ឺន​ហិកតារបស់​កសិករ​ចំនួន​ ១៣ឃុំ​ ក្នុង​ស្រុក​ចំនួន​ ៣ នៃ​ខេត្តព្រៃវែង​ ដែលកំពុងប្រឈមនឹងការខ្វះទឹក​ ។

រួមដំណើរជាមួយ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ក៏មានវត្តមានឯកឧត្តម​ ​សួន សុម៉ាលីន អភិបាលខេត្ត​ព្រៃវែង​ និង​ឯកឧត្ដម​ ស្បោង​ សារ៉ាត់​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តព្រៃវែង​ផងដែរ។
​​ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម​ បានឱ្យដឹងថា​ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​ វ៉ៃកូ​ ជំហាន​១​ មាន​ម៉ូទ័រ​អគ្គិសនី​ខ្នាត​ធំ​ ចំនួន​៩គ្រឿង​ ដោយ​ក្នុង​ មួយគ្រឿង​មាន​លទ្ធភាព​បញ្ជូន​ទឹក​បាន​ចំនួន​ ១៤ ០០០​ម៉ែត្រគូប​ ក្នុង​មួយម៉ោង​ និង​ប្រើប្រាស់​ថាមពល​អគ្គិសនី​​ចំនួន​ ៤៦០​គីឡូវ៉ាត់​ ក្នុង​មួយម៉ោង​ ។ចំពោះ​កម្លាំង​​​បញ្ជូន​ទឹក​វិញ​ គឺ​មាន​ចម្ងាយ​ជាង​ ​១០០គីឡូម៉ែត្រ​ឯណោះ​ ។

លោក​ប្រធាន​មន្ទីរ​ធនធាន​ទឹក​ បាន​បន្ត​ថា​ ប្រព័ន្ធ​ធារាសាស្ត្រ​​ស្រោចស្រព​វ៉ៃកូ​ជំហាន១ នេះ​ មានតួនាទីនាំប្រភពទឹក ពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រព លើផ្ទៃដីកសិកម្មក្នុង​ខេត្ត​កំពង់ចាម​ ពិសេស​បំផុត​នោះ​ គឺ​ខេត្តព្រៃវែង និង​ខេត្ត​ស្វាយរៀង ដែល​តែងតែ​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ សម្រាប់​ការធ្វើ​ស្រែ​នៅ​រដូវ​ប្រាំង​ ក៏ដូចជា​ការ​​បង្កបង្កើនផល​ដំណាំ​ផ្សេងៗ​​ ៕


ដោយ៖លី ពៅ

ads banner