អភិបាលរាជធានីភ្នំពេញនិង អ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភដល់គ្រួសារសសពម្នាក់ទទួលបានសរុបចំនួន ១៥លានរៀល និង អ្នករងរបួសទទួលបានម្នាក់ចំនួន៤លានរៀល
(ភ្នំពេញ)៖ ដោយមានការយកចិត្តទុក្ខដាក់គិតគូ និងជួយសម្រួលដល់ការលំបាកផងសម្រាប់ការធ្វើបុណ្យសព និងអ្នករងរបួសផងនោះជនរងគ្រោះដែលស្លាប់ និងរបួសក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាទទួលអំណោយនៅមុខភូមិគ្រឹះអ្នកឧកញ៉ាសុខ គង់ ទទួលបានថវិកាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា សុខ គង់ ដោយក្នុង សព ម្នាក់ ទទួលបានសរុបចំនួន ១៥លានរៀល និងអ្នករងរបួសទទួលបានម្នាក់ចំនួន ៤លានរៀល ។
លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តមឃួង ស្រេង បាននាំយកអំណោយទៅប្រគល់ជូនដល់ដៃញាតិសណ្តានរបស់ជនរងគ្រោះនៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យកាម៉ែត នាវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ។
លោក សុខ ពេញវុធ បានឲ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់ឱ្យឯកឧត្ដមនាំយកអំណោយជាថវិកាមកប្រគល់ជូនគ្រួសារជនរងគ្រោះ ដោយសពរងគ្រោះម្នាក់ទទួលបានថវិកាចំនួន៥លានរៀល និង២លានរៀលសម្រាប់ជនរងគ្រោះដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះ។
ជាមួយគ្នានោះដែរ អ្នកឧកញ៉ាសុខ គង់ ក៏បានផ្ដល់ជាអំណោយចំនួន ១០លានរៀលសម្រាប់ សពម្នាក់និង ២លានរៀល សម្រាប់ជនរងគ្រោះដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ដោយឡែកសម្រាប់ការដឹកជញ្ជូនសពទៅស្រុកកំណើតនិងក្ដារមឈូសត្រូវបាន លោក ជា ខេមា អភិបាលខណ្ឌដូនពេញជាអ្នកធានារ៉ាប់រង ។
ក្នុងហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សស្លាប់ស្លាប់ ០៤នាក់ និងរបួស ០៥នាក់ ។ ចំពោះអ្នកស្លាប់ ទី១ ឈ្មោះ ម៉ាន់ ស៊ីយ៉ាន ភេទប្រុស អាយុ ៧១ឆ្នាំ ស្នាក់នៅភូមិដើមចន្ទ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ គង់ វ៉ាន់ថា ភេទស្រី អាយុ៦៧ឆ្នាំ ស្នាក់នៅភូមិកំរៀង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ទី៣ យស់ សារឿន ភេទ ស្រី អាយុ៦៥ មុខរបរលក់ការ៉េម ស្នាក់នៅត្រឡោកបែក និងមានស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទី៤ មិនទាន់មានបងប្អូននិងញ្ញាតិសណ្តាន។
ចំណែកអ្នកដែលរងរបួស ០៥នាក់ ទី១ ឈ្មោះ នូ ស៊ីណា ភេទស្រី អាយុ៣៥ឆ្នាំ មកពី ឃុំអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ ទី២ ឈ្មោះ ស៊ូ សាលី ភេទប្រុស អាយុ១៥ឆ្នាំ មកពីខណ្ឌឬស្សីកែវ ។ ទី៣ឈ្មោះ កែវ ភឿក ភេទប្រុស អាយុ ៦៥ឆ្នាំ មកពី ខណ្ឌឬស្សីកែវ ។ ទី៤ ឈ្មោះ ឡោ សាំ ភេទស្រីអាយុ ៧៣ឆ្នាំ ស្នាក់នៅ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។ ទី៥ ឈ្មោះ យិត តុន ភេទប្រុសអាយុ ៧៥ឆ្នាំ មានស្រុកកំណើតនៅស្រុស្វាយអន្ទរខេត្តព្រៃវែង ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ មករា នេះ មានហេតុការណ៍ភ្ញាក់ផ្អើលនៅពេលប្រជាពលរដ្ឋជាច្រើនបាននាំគ្នាប្រជ្រៀតចូលទៅទទួលអំណោយនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ នៅបណ្ដោយមហាវិថីព្រះនរត្ដម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បណ្ដាលឲ្យមានអ្នកដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានកម្លាំងអាជ្ញាធរចុះសម្របសម្រួល និងបញ្ជូនរថយន្ដសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យ។ ក្នុងនោះជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះអង្គឌួងចំនួន ៤នាក់ ស្លាប់ ២នាក់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ៥នាក់ស្លាប់ ២នាក់ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ