សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ និងប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ លើទូរសព្ទដៃ

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យពង្រឹងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត ដើម្បីធានាប្រើប្រាស់ផ្លូវ និងស្ពានបានយូរអង្វែង និងជំរុញឲ្យប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក លើទូរសព្ទដៃ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែរនាំ និងជំរុញដូច្នេះ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។

សម្ដេចធិបតី មានប្រសាសន៍ថា ចំពោះការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សូមក្រសួងសាធារណការ គិតគូរនូវយន្តការពង្រឹងការអនុវត្តឲ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឲ្យបានជាអតិបរមា សំដៅ ធានានូវការថែទាំ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានយូរអង្វែង ។

សម្ដេច បញ្ជាក់ថា សូមក្រសួងបន្តជំរុញកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ក្នុងការគិតគូររៀបចំ និងធ្វើវិសោធនកម្មក្របខ័ណ្ឌច្បាប់ ដែលមានភាពចាំបាច់សម្រាប់ វិស័យអាទិភាពរបស់ក្រសួងដូចជា ការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីផ្លូវថ្នល់ ការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក និងច្បាប់ស្តីពីផ្លូវដែកជាដើម ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា សូមក្រសួងបន្តរៀបចំលិខិត បទដ្ឋានគតិយុត្ត ផែនការមេ និងគោលនយោបាយគាំទ្រវិស័យសាធារណការ និងដឹកជញ្ជូនឲ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមស្ថានភាព និងតម្រូវការនាពេលបច្ចុប្បន្ន និងអនាគតផងដែរ ។

ជាមួយនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបន្តកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ពិសេសអគ្គស្នងការនគរបាលជាតិ ក្នុងការលើកកម្ពស់ចរាចរណ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ហើយសូមជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរសព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឱ្យអនុវត្តកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតអប្បបរមា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner