កម្រាលរានទស្សនាថ្មី អាចឱ្យអ្នកទេសចរ ឈរថតរូបអនុស្សាវរីយ៍ ជាប់ស្រមោលប្រាសាទអង្គរ
(ភ្នំពេញ)៖ ក្រោយពេលចំណាយពេលវេលាមួយរយៈ ដើម្បីរៀបចំកម្រាលរានទស្សនា នៅស្រះទឹកអង្គរខាងត្បូង នៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការហើយ នូវកម្រាលរានទស្សនាថ្មីនេះគឺអាចជួយឱ្យអ្នកទេសចរឈរថតរូបអនុស្សាវរីយ៍ ជាប់ស្រមោលប្រាសាទអង្គរ ។
នេះជាការផ្តល់អំណោយផល និងក៏ដូចជាជួយឱ្យអ្នកទេសចរអាចថតផ្តិតយករូបភាពអង្ករវត្តរបស់ខ្មែរបានយ៉ាងស្រស់ស្អាតមួយផ្នែកទៀតពីប្រសាទអច្ឆរិយៈដ៏ល្បីរន្ទឺលើពិភពលោកមួយនេះ។
លោក យ៉ា ណុប ជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស បានឱ្យដឹងថា ការរៀបចំបែបនេះ ពិតជាល្អប្រសើរយ៉ាងខ្លាំង អាចជួយសម្រួលឱ្យទេសចរថតរូបភាពស្អាតៗនៅស្រះទឹកខាងត្បួងប្រាសាទអង្គរវត្ត។ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រាសាទអង្គរវត្តកាន់តែច្រើន។
បើតាមអាជ្ញាធរអប្សរាបានឱ្យដឹងថាកម្រាលរានទស្សនា នៅមាត់ស្រះទឹកអង្គរខាងត្បូង មានទំហំ៦ម៉ែត្រ គុណនិង១២ម៉ែត្រ ដោយមានការសហការពីភ្នាក់ងារបេតិកភណ្ឌ វប្បធម៌កូរ៉េ(KHA)។
សូមបញ្ជាក់ថា កន្លងមកនៅរដូវវស្សា ស្រះមានទឹកច្រើន បែកសាចចេញពីស្រះ ធ្វើឱ្យមានការលំបាកការផ្តិតយករូបភាពស្អាតៗ និង ស្រស់ស្អាត៕
ដោយ ៖ ម៉ាដេប៉ូ