មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានធ្វើការកែលម្អទីកន្លែងបង្កាត់ពូជសត្វខ្សឹប ដំបូង និងតែមួយគត់នៅកម្ពុជា
(ភ្នំពេញ)៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានបញ្ជាក់ពីការបានធ្វើការកែលម្អនូវទីកន្លែងបង្កាត់ពូជសត្វខ្សឹប ដើម្បីសំដៅធ្វើយ៉ាងណា ឱ្យមានលក្ខណៈកាន់តែប្រសើរឡើង ដែលទីកន្លែងនេះជាតំបន់ដ៏សំខាន់បំផុតមួយនៅក្នុងផែនការគ្រប់គ្រងការអភិរក្សបង្កាត់ពូជនៅក្រៅដែនជម្រកធម្មជាតិសម្រាប់សត្វខ្សឹបនៅប្រទេសកម្ពុជា ។
បើតាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះនេះ បានលើកឡើងថាសត្វខ្សឹបដែលជាប្រភេទបក្សីរងគ្រោះជិតផុតពូជបំផុត រស់នៅក្នុងតំបន់វាលស្មៅទំនាប ប្រឈមទៅនឹងកត្តាគំរាមកំហែងជាច្រើន ដូចជាការបាត់បង់ទីជម្រកដោយសារតែការទន្ទ្រានយកដី ពង្រីកដីកសិកម្មផ្សេងៗ ព្រមទាំងពង្រីកដីធ្វើស្រែ។ ដើម្បីទប់ស្កាត់ពីការវិនាសផុតពូជនូវចំនួនប្រជាសាស្ត្ររបស់ពួកវា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានបង្កើតកម្មវិធីរក្សាទុកចំនួនប្រជាសាស្ត្រដំបូងគេបង្អស់តែមួយគត់របស់ពិភពលោកដែលធានាកុំឱ្យផុតពូជសម្រាប់ប្រភេទសត្វខ្សឹបនេះនៅក្នុងឆ្នាំ ២០១៩។
ប្រភពដដែលនេះបានបញ្ជាក់ដែរថាគំនិតផ្តួចផ្តើមនេះក៏ពាក់ព័ន្ធទៅនឹងការសង្គ្រោះសត្វស្លាបពីព្រៃធម្មជាតិ ព្រមទាំងការប្រមូលយកពងប្រកបដោយនិរន្តរភាពដើម្បីចិញ្ចឹមថែទាំកូនខ្សឹបនៅក្នុងមជ្ឈមណ្ឌល ដោយរួមកិច្ចសហការជាមួយអង្គការដៃគូគម្រោងអភិរក្សរបស់ពួកយើង។
សម្រាប់ការកែលម្អទាំងនេះ រួមមានការផ្លាស់ប្តូរសំណាញ់ចាស់ៗដែលពុកផុយ ជំនួសទៅវិញដោយសំណាញ់ទ្រុងធំ ដែលវាធន់ទៅនឹងកាំរស្មីយូវី ដើម្បីធានានូវសុវត្ថិភាពឱ្យបានយូរអង្វែង ព្រមទាំងការដំឡើងម៉ាស៊ីនថត (CCTV)សម្រាប់ការតាមដាន និងពិនិត្យមើលពីចម្ងាយ។ ជម្រកថ្មីនេះដែរក៏បានផ្តល់នូវការយល់ដឹងអំពីអាកប្បកិរិយាដ៏មានតម្លៃ ជាពិសេសនៅក្នុងអំឡុងពេលរដូវបង្កាត់ពូជរបស់សត្វខ្សឹប ។
គួរបញ្ជាក់ថា អង្គការ WCS និងក្រសួងបរិស្ថាន បានសហការការពារនិងអភិរក្សសត្វខ្សឹបនៅខេត្តកំពង់ធំ និងសៀមរាបនាងកន្លងមក ។ ទោះបីយ៉ាងណាក៏ដោយដើម្បីថែរក្សា ក៏ដូចជាអភិរក្សសត្វខ្សឹបដែលជាសត្វកម្របំផុតទើបមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បង្កើតទីកន្លែងសម្បនិម្មិតដើម្បីបង្កាត់ពូជសត្វទាំងនេះឡើងមក ៕
ដោយ ៖ ម៉ាដេប៉ូ