មួយរដូវចូលឆ្នាំចិនអាជីវករចំណាយដើមទុនទិញផ្កាលក់ចាប់ពី ៥ពាន់ដុល្លារ ដល់ជិត ៧ម៉ឺនដុល្លារ

(ភ្នំពេញ)៖ ក្នុងការចំណាយដើមទុនដើម្បីទិញប្រភេទផ្កា និងដើមរុក្ខជាតិនានាសម្រាប់តម្រូវការទីផ្សារនារដូវចូលឆ្នាំចិនដែលនឹងឈានមកដល់ដើមសប្តាហ៍ក្រោយនេះក្រុមអាជីវករបានប្រាប់ពីការចំណាយដើមទុនចាប់ពី ៥ពាន់ដុល្លារ ខ្លះជិតមួយ ម៉ឺនដុល្លារ និងខ្លះទៀតចំណាយទ្រង់ទ្រាយធំរហូតដល់ជិត ៧ម៉ឺនដុល្លារទៀតផង ។

ផ្កាចម្រុះ មានក្រហមស្រាល លឿង លឿងទុំ ក្នុងនោះដូចជាដើមផ្កាអង្គាសីល ដើមក្រូចឃ្វិក ស្បែរឿង សិរមាន់ ក្រូចថ្លុង ម្នាស់ជាដើម បានបញ្ចេញពណ៌យ៉ាងស្រស់ស្អាតគួជាទីគយគន់នារដូវចុងខែមករា ហើយក៏ជិតដល់រដូវចូលឆ្នាំចិននាឆ្នាំនេះដែរ ។

តាមបណ្តាទីតាំងលក់ដើមផ្កា និងរុក្ខជាតិទាំងនេះត្រូវបានអាជីវករជាច្រើនដាក់តាំងបង្ហាញដល់អតិថិជនរបស់ខ្លួននៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ និងក៏ដូចជាបណ្តាខេត្តជាច្រើនទៀត ។ ដើមផ្កាទាំងនេះក្រៅពីគេទិញសម្រាប់ដាក់ក្នុងផ្ទះសម្បែង ដែលគេជឿជាក់ថាសម្រាប់នាំមកនូវជោគសិរីសួរស្តីហើយ ក៏ដូចជាការតាំង លម្អផ្ទះសម្បែងយ៉ាងស្រស់ស្អាតនារដូវចូលឆ្នាំថ្មីរបស់ពួកគេ។

អ្នកលក់ដើមផ្កា នៅតាមបណ្តោយផ្លូវលេខ6A ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ អ្នកស្រី ឡាំង អ៊ី ដែលកំពុងលក់ផ្កាច្រើនប្រភេទនារដូវចូលឆ្នាំចិននេះបានប្រាប់ថាឆ្នាំនេះអ្នកស្រីចំណាយដើមទុនជិត ១ម៉ឺនដុល្លារ ដោយសង្ឃឹមថានឹងអាចលក់ដាច់ ដូចបណ្តាឆ្នាំមុនៗ សម្រាប់រកប្រាក់កម្រៃ ។ អ្នកស្រី ថា ឆ្នាំនេះបានលក់យឺតបន្តិចពីព្រោះតាមធម្មតាគេនឹងចេញលក់មុនចូលឆ្នាំចិនយ៉ាងហោចណាស់ជិតមួយខែដែរ តែឆ្នាំនេះអ្នកស្រីទើបទិញផ្កាប្រភេទចូលឆ្នាំចិនមកលក់បានមួយសប្តាហ៍មុននេះប៉ុណ្ណោះ។

ស្រ្តីលក់ផ្ការូបនេះបានប្រាប់ដែរថា សម្រាប់ផ្កាមានតម្លៃចាប់ពី ៦ពាន់រៀល រហូតដល់ជាង ១០០ដុល្លារក្នុងមួយដើម ។ ផ្កាទាំងនេះអតិថិជនមានទាំងជនជាតិចិន ជនជាតិខ្មែរសែស្រឡាចិន និងជនជាតិវៀតណាម ។ សម្រាប់ជនជាតិចិន គេច្រើនហ៊ានថ្លៃខ្ពស់ ហើយទិញមិនសូវតថ្លៃទេគឺទិញរហូតដល់រាប់ពាន់ដុល្លារក៏មានដែរ។

កញ្ញា អ៊ឹម សេងហុង អ្នកលក់ផ្កាយី ហោ “សួនពេញចិត្ត”នៅលើបណ្តាយផ្លូវលេខ6Aនេះដែរ បានរៀបរាប់ថា រៀងរាល់ឆ្នាំសួនផ្កាកញ្ញាត្រូវចំណាយថវិការហូតដល់ ៦ទៅ ៧ម៉ឺនដុល្លារ សម្រាប់ទិញផ្កាលក់នារដូវចូលឆ្នាំចិន ។ ឆ្នាំនេះការលក់ហាក់យឺត និងពុំសូវដាច់ខ្លាំងក្តី តែកញ្ញាសង្ឃឹមថា ចាប់ពីពេលនេះទៅអតិថិជននឹងសម្រុកមកទិញពុំខានទេ។

ស្រ្តីអ្នកលក់ផ្ការូបនេះបានឱ្យដឹងដែរថា ៖ ការចំណាយដើមទុនទិញផ្កានេះត្រូវតែច្រើនពីព្រោះថា អតិថិជនគេក៏មានតម្រូវការផ្កាប្រភេទល្អៗដែរ ពោលគឺ មិនដូចសម័យមុនៗនោះទេ ។ អតិថជនគេអ្នកមានលុយច្រើន ម្ល៉ោះហើយផ្កាក៏ត្រូវល្អ និងស្រស់ស្អាត ដោយអ្នកខ្លះគេមិនស្តាយក្នុងការតាំងលម្អផ្ទះសម្បែងនារដូវចូលឆ្នាំថ្មីរបស់ពួកគេនោះឡើយ។

លោក ងួន ស្រ៊ាង អ្នកលក់ផ្កានៅតំបន់នេះមួយរូបទៀតបានប្រាប់ថាក្នុងចំណោមផ្កាដែលលោកដាក់លក់នេះ គឺ ផ្កាអង្គាសីល ស្បែរឿង ក្រូចឃ្វិកជាដើម ។ សម្រាប់ផ្កាទាំងនេះចាប់ផ្តើមលក់ដាច់បំផុតចាប់ពីសែនដកជើងធូបកាលពីថ្ងៃទី២៣ ខែមករា មក ។ ផ្កាដែលលោកបានទិញមកលក់នាឆ្នាំនេះគឺចំណាយដើមទុនជិតមួយម៉ឺនដុល្លារ ។ ដោយផ្កាទាំងអស់នេះខ្លះនាំចូលពីប្រទេស វៀតណាម ថៃ ម៉ាឡេស៊ី និងចិនជាដើម ។

បុរសអ្នកលក់ផ្ការូបនេះបានឱ្យដឹងផងថាសម្រាប់ផ្ទះអ្នកធូរធាគេចំណាយខ្លាំងណាស់ទៅលើការទិញផ្កា និងដើមឈើសម្រាប់តាំងលម្អ គេហដ្ឋាន ។ គេហ៊ានចំណាយណាស់ដើម្បីផ្ទះសម្បែងស្អាត និងរស់នៅប្រកបដោយផាសុកភាព។

ដោយឡែក កញ្ញា ខែម សុបញ្ញា ដែលមកទិញផ្កាជាមួយបងប្អូនបានប្រាប់ថា ៖ ជារៀងរាល់ឆ្នាំឪពុកម្តាយ និងបងប្អូនរបស់កញ្ញាតែងមកទិញផ្កាដើម្បីទុកតាំងលម្អផ្ទះសម្បែងនារដូវចូលឆ្នាំចិននេះ ។ ផ្កាទាំងនេះគឺក្រៅពីទិញសម្រាប់សិរីសួរស្តីឆ្នាំថ្មីហើយ វាក៏ជាការតាំងលម្អ ដើម្បីភាពស្រស់ស្អាតក្នុងផ្ទះសម្បែងផង។

បើតាមលោក បណ្ឌិត ជា មុនីឫទ្ធី ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានឱ្យដឹងនាកន្លងមកថាប្រភេទផ្កា រុក្ខជាតិ និងព៌ណសុទ្ធសឹងបញ្ជាក់អត្ថន័យរបស់ជនជាតិចិន ហើយតាមរយៈជំនឿនេះដែរ ពួកគាត់តែងទិញសម្រាប់ដាក់ក្នុងផ្ទះសម្បែងដោយជឿជាក់ថានឹងនាំមកនូវសិរីសួរស្តី និងជោគវាសនាល្អ ពិសេសពិធីបុណ្យចូលឆ្នាំថ្មីនេះតែម្តង ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិននាឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៩,៣០ និង៣១ខែមករា ឆ្នាំ ២០២៥ ។ ហើយសម្រាប់ថ្ងៃទី២៨ ខែ មករា គឺថ្ងៃសែនចូលឆ្នាំចិន៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សួង ពិសិដ្ឋ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner