ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមរៀបចំ និងអភិវឌ្ឍន៍ខេត្តកែបឱ្យកាន់តែស្អាត និងទាក់ទាញ
(កែប) ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកែប នាថ្ងៃទី២៣ខែមករា ឆ្នាំ២០២៥ បានលើកឡើងនូវគំនិតមួយចំនួន ដើម្បីជំរុញឱ្យសមាជិកអង្គសន្និបាតនិងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមត្រិះរិះពិចារណាគិតគូរជាមូលដ្ឋាន ក្នុងការរៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ឱ្យខេត្តកែបកាន់តែមានសោភណភាពស្រស់ស្អាត មានការអភិវឌ្ឍរីកចម្រើន និងទាក់ទាញទេសចរណ៍បន្ថែមទៀត ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកែប ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ខេត្តកែប ដើម្បីបង្កើនសោភណភាពខេត្ត ទាក់ទាញភ្ញៀវទេសចរណ៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត អោយប្រសើរឡើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កត្តាភូមិសាស្ត្រ ប្រជាជន កន្លែងលំហែខ្យល់ឱកាសល្អបរិសុទ្ធ និងរដ្ឋបាលមូលដ្ឋានប្រកបដោយភាពវាងវៃ ជាមូលដ្ឋានគ្រឹះធ្វើអោយខេត្តកែបក្លាយជាខេត្តមានសក្តានុពលទេសចរណ៍បែបធម្មជាតិ ដែលអាចទាក់ទាញអ្នកទេសចរណ៍មកពីគ្រប់ទិសទីមកសម្រាកលំហែកំសាន្តប្រកបដោយភាពសប្បាយរីករាយ និងភាពកក់ក្តៅ ដែលនឹងអាចបង្កើតបាននូវប្រាក់ចំណូលសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋក្នុងខេត្តបានយ៉ាងងាយស្រួល ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅក្នុងខេត្តកែបក៏បានចាប់ផ្តើមស្ថាបនាគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប» ដែលតាមរយៈគម្រោងអភិវឌ្ឍឆ្នេរកម្សាន្តថ្មីនេះ នឹងជួយលើកកម្ពស់មុខមាត់ខេត្តកែប ក៏ដូចជាទាក់ទាញទេសចរមកកម្សាន្តខេត្តកែបកាន់តែច្រើនថែមទៀតផងដែរ ៕
ដោយ / គ្រី សម្បត្តិ