Trump ៖ ប្រេងចុះថោក សង្គ្រាមអ៊ុយក្រែនចប់ភ្លាម!

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃប្រេងទាប អាចបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ភ្លាមៗ ជាការថ្លែងសុន្ទរកថា ទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងទីក្រុង Davos ប្រទេសស្វីស តាមរយៈវីដេអូ ពីចម្ងាយ។

លោក Trump បាននិយាយថា លោកនឹងស្នើឱ្យ ប្រទេស អារ៉ាប៊ី សាអូឌីត និង អង្គការប្រេងអន្តរជាតិ OPEC កាត់បន្ថយថ្លៃដើមប្រេង ដោយសំដៅលើអង្គការនៃប្រទេសនាំចេញប្រេង។ លោកបានបញ្ជាក់ថា «ប្រសិនបើតម្លៃធ្លាក់ចុះ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ ភ្លាមៗ»។ លោកថា «ឥឡូវតម្លៃ ឡើងខ្ពស់ល្មម ដែលសង្គ្រាមនឹងបន្ត» ហើយបាននិយាយថា «តម្លៃប្រេងខ្ពស់កំពុងជួយទ្រទ្រង់មូលនិធិ សម្រាប់ជម្លោះ ក្នុងទីក្រុងម៉ូស្គូ…អ្នកត្រូវតែទម្លាក់តម្លៃប្រេង នោះនឹងបញ្ចប់សង្គ្រាមបាន»។

តម្លៃប្រេងឆៅ បានធ្លាក់ចុះ ១% បន្ទាប់ពីការអត្ថាធិប្បាយ របស់លោក Donald Trump ។

ជាមួយគ្នានេះ លោក David Oxley សេដ្ឋវិទូផ្នែកអាកាសធាតុ និងទំនិញ នៅ Capital Economics បានយល់ស្របថា បំណងប្រាថ្នារបស់លោក Trump លើតម្លៃប្រេងចុះទាបនេះ បង្ហាញពីចេតនាច្បាស់លាស់ ក្នុងការប្រើប្រាស់ថាមពល ជាឥទ្ធិពលលើប្រទេសរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ប៉ុន្តែ លោក បាននិយាយថា តម្លៃប្រេងទាប នឹងមិនលើកទឹកចិត្ត ដល់អ្នកផលិតប្រេងអាមេរិក ឱ្យខួងប្រេង នៅ អាឡាស្កា ដែលមានតម្លៃខ្ពស់ នេះបើតាមកាសែត BBC៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner