ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ខេត្តកំពត ជាខេត្តជាប់តំបន់ឆ្នេរដែលទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងគេរបស់កម្ពុជា បន្ទាប់ពីខេត្តសៀមរាប
(កំពត)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពត នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានលើកឡើងថា ខេត្តកំពតជាខេត្តជាប់តំបន់ឆ្នេរតារារះនាទិសនិរតី ដែលទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងគេរបស់កម្ពុជាបន្ទាប់ពីខេត្តសៀមរាប ព្រោះខេត្តកំពតអនុញ្ញាតឱ្យភ្ញៀវគ្រប់កម្រិតមកដើរកំសាន្តបាន មានរមណីយដ្ឋានទាក់ទាញច្រើន កន្លែងស្នាក់នៅស្អាត ម្ហូបអាហារមានតម្លៃសមរម្យ ហើយនៅជិតរាជធានីភ្នំពេញទៀតផង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ក៏បានណែនាំឱ្យមានការចូលរួមជួយជំរុញបន្ថែមនៅតាមតំបន់សហគមន៍នេសាទឱ្យទទួលភ្ញៀវទេសចរណ៍បានកាន់តែច្រើន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំផុសគំនិតដល់សមាជិកអង្គសន្និបាតឱ្យចូលរួមពិចារណាធ្វើយ៉ាងណារកវិធីសាស្ត្រកែច្នៃនិងអភិវឌ្ឍន៍ខេត្តកំពតឱ្យកាន់តែល្អជាងមុន មានកំណើនសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីកសាងអនាគតរបស់អ្នកខេត្តកំពតឲ្យកាន់តែប្រសើរ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរមាដែលនេះគឺជាជោគជ័យដ៏ធំមួយសំរាប់សង្គមជាតិទាំងមូល បន្ទាប់ពីកម្ពុជាបានឆ្លងកាត់ដំណាក់កាលសង្គ្រាមដ៏ខ្មៅងងឹតជាច្រើននិងបានទទួលសន្តិភាពឡើងវិញហើយបានតស៊ូក្រោកឈរឡើងប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតដើម្បីអនាគតកូនចៅជំនាន់ក្រោយកាន់តែប្រសើរឡើង ៕
ដោយ / គ្រី សម្បត្តិ