ប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ មានការចូលរួមយ៉ាងផុសផុលពីបណ្ដាក្លិបនានាក្នុងរាជធានី និងខេត្ត

(ភ្នំពេញ)៖ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក Casey Barnett បានបង្ហាញពីការសាទរយ៉ាងខ្លាំង ចំពោះការចូលរួមយ៉ាងផុសផុលពីបណ្ដាក្លិបនានាក្នុងការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។

ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បញ្ជាក់ថា នេះជាការចូលរួមដ៏មានតម្លៃ ព្រោះកីឡាចំបាប់ជាកីឡាប្រពៃណីមួយរបស់ខ្មែរដែលត្រូវបានថែរក្សារហូតដល់បច្ចុប្បន្ន។ កីឡាចំបាប់ក៏ជាកីឡាសក្ដានុពលមួយរបស់ជាតិ ដែលក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍កន្លងទៅ កម្ពុជាអាចដណ្ដើមបានមេដាយដល់ទៅ២០គ្រឿង។

ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានការចូលរួមពីក្លិបចំណុះក្រសួងស្ថាប័ន រាជធានី ខេត្តចំនួន ១៣ ដើម្បីប្រកួតប្រជែងលើ ១២វិញ្ញាសា ដែលក្នុងនោះបែងចែកជាវិញ្ញាសាបុរាណ និង សម័យ មានទាំងសម្រាប់បុរស និងនារី ។

ឆ្លងកាត់ការប្រកួតកន្លងមក ក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេដែលមានមេដាយមាស៨ ប្រាក់៧ សំរឹទ្ធ១១ សរុប ២៦គ្រឿង។ ក្លិបកីឡាចំបាប់គិរីបារមីដំរីមានរិទ្ធ ឈរលេខ២ មានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ សរុប៣គ្រឿង។ លេខ៣ ក្លិបកីឡាចំបាប់បារមីមេទ័ពម៉ឺនឯក មានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ សរុប៣គ្រឿង។ លេខ៤ ក្លិបគិរី មានមេដាយមាស១ ប្រាក់១ សរុប២គ្រឿង។ ក្លិបកីឡាចំបាប់យាយព្រីងមានរិទ្ធ បានមេដាយមាស ១គ្រឿង។ 

ក្លិបកីឡាចំបាប់តាគង់មានរិទ្ធ និង ក្លិបកីឡាចំបាប់ឫទ្ធីសែន បានមេដាយប្រាក់១គ្រឿងដូចគ្នា។ ក្លិបឃ្លាំងមឿង ក្លិបសមាគមខេត្តកណ្ដាល និងក្លិបបក្សីចាំក្រុងខេត្តកណ្ដាល បានមេដាយសំរឹទ្ធមួយគ្រឿងដូចគ្នា ខណៈក្លិបចំនួន៣ផ្សេងទៀតពុំទទួលបានមេដាយទេ ៕

ដោយ ៖ ជីម ភារ៉ា

ads banner