ផ្សព្វផ្សាយសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅវត្តកំពង់ធំ
កំពង់ធំ៖ពិធីផ្សព្វផ្សាយសង្ឈប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តទូទាំងខេត្តកំពង់ធំ បានប្រព្រឹត្តទៅនៅវត្តឥន្ទ្រីយសំវរៈ ហៅវត្តកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ដែលមានការនិមន្តអញ្ជើញចូលរួមពីព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃ ព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមី ព្រះមេគណគណៈមហានិកាយខេត្តកំពង់ធំ និងព្រះមហាធម្មពង្សា សួន ជារ៉ាហេក្តី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត នៅវត្តឥន្ទ្រីយសំវរៈ ហៅវត្តកំពង់ធំ ។ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនេះដែរ។
ព្រះទេពសត្ថា សៀង សុខ ព្រះសត្ថាបារមី ព្រះមេគណគណៈមហានិកាយខេត្តកំពង់ធំ និមន្តអានសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ប្រគេនដល់កម្មវិធីទាំងមូល។
ក្នុងឱកាសនេះដែរ ឯកឧត្តម នួន ផារ័ត្ន សូមគាំទ្រនូវខ្លឹមសារនេះទាំងស្រុង ដើម្បីរក្សា គុណតម្លៃ និងកិត្យានុភាពរបស់ព្រះពុទ្ធសាសនាយើង និងមេត្តាបន្តអនុវត្តខ្លឹមសារសង្ឃប្រកាសរបស់ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសដែលបានប្រកាសគ្រប់ឆ្នាំកន្លងមក ។
តាមរយៈនេះដែរឯកឧត្តម នួន ផារ័ត្ន សូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ព្រមទាំងមន្ទីរធម្មការនិងសាសនាខេត្ត ចូលរួមពង្រឹងបន្ថែមទៀតនូវកម្មវីធីមួយចំនួនដូចជា ការពង្រឹងការងាររដ្ឋបាលសង្ឃ, កម្មវិធីអារាមមេត្រី បរិស្ថាន, កម្មវិធីទេសចរណ៍វត្តអារាម, ព្រមទាំងជំរុញការបោះឆ្នោតជ្រើសរើសអាចារ្យ គណៈកម្មវត្ត ដើម្បីពន្លឿនការចុះបញ្ជីដីធ្លីវត្តអារាមតាមច្បាប់កំណត់។ សូមប្រកាន់ខ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំព្យាយាមសិក្សារៀនសូត្រឱ្យក្លាយជាសមណសក្យបុត្រ ដែលជាបុត្រដ៏ប្រពៃរបស់ព្រះសម្មាសម្ពុទ្ធ និងធ្វើខ្លួនឱ្យជាស្រែបុណ្យដ៏ល្អដល់ពុទ្ធបរិស័ទ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងត្រូវចូលរួមលើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងរក្សាការពារ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស ស្ថិតស្ថេរចីរកាល ៕
ដោយ៖ប៊ុនរដ្ឋា