មិនយូរប៉ុន្មានសួនតេជោសន្តិភាព នឹងបង្ហាញរូបរាងនៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ប្រហែលជាមិនត្រូវការពេលវេលាយូរពេកទេ ប្រជាពលរដ្ឋ ខេត្ត​ឧត្តរមានជ័យ ក៏ដូចជាអ្នកធ្វើដំណើរ​ទៅ​កាន់ខេត្ត​ឧត្តរមានជ័យ នឹងបានឃើញ​វត្តមានសួនដ៏ស្រស់បំព្រង និងមានលក្ខណៈជាប្រវត្តិសាស្រ្តផង លេចចេញជា​រូបរាងនៅក្រុងសំរោង ក្នុងខេត្តភាគខាងជើងប្រទេសមួយនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ខេត្ត និងជាប្រធានមូលនិធិ​សាងសង់​សួន​តេជោ​សន្តិភាពខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៣ ខែមករា​បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​សាង​សង់ សួនតេជោសន្តិភាព ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមាន​ការចូលរួមពីក្រុមការងាររាជ​រដ្ឋាភិបាល អាជ្ញាធរ​ខេត្តឧត្តរមានជ័យ, សៀមរាប, ខេត្តកំពង់ធំ ,កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ការបញ្ចុះបឋមសិលា​នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ក្នុងចំណោម សមិទ្ធ ផលជាច្រើន ដែល​រាជរដ្ឋាភិបាល គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សម្រេចបានក្នុង​ការួមចំណែកយ៉ាងសំខាន់ ក្នុង ការអនុវត្តគោលដៅជាយុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ប្រវត្តិសាស្ត្រ ប្រកបដោយ ចីរភាព ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា បន្ទាប់ពីការកសាងវិមានឈ្នះ ឈ្នះ និងការ​កសាងស្តូបឈ្នះ ឈ្នះ នៅកោះកុង អន្លង់វែង ប៉ៃលិន និងការរៀបចំពិធី​បញ្ចុះបឋមសិលាកសាង សួនតេជោសន្តិភាព នាពេលនេះ គឺតំណាងឱ្យខ្លឹម​សារ​នយោបាយឈ្នះ ឈ្នះ ជាការចងចាំគុណតម្លៃសន្តិភាព ដែលមានអត្ថន័យច្រើន​យ៉ាង ដោយបានបន្តនិរន្តរភាពប្រវត្តិសាស្ត្រ ជាការកសាង​តឹកតាង ដើម្បី​ចារឹក​ទំព័រនៃការបញ្ចប់សង្គ្រាម នាំឱ្យមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។ ទន្ទឹមនេះក៏បានផ្តល់សក្ខីកម្ម នៃការខិតខំការពារសន្តិភាព និងស្ថិរភាព ទប់ស្កាត់​កុំឱ្យ​កើតមានជម្លោះ ឬសង្គ្រាមស៊ីវិលក្នុងប្រទេសថែមទៀតផង សម្រាប់មនុស្ស​ជំនាន់ក្រោយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសរំលេចថា ក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលបង្កើត និងដឹកនាំដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជា​ប្រធានព្រឹទ្ធសភា មានដំណើរការតាមដំណាក់កាល តាមទីកន្លែងពីជំហានមួយ ទៅជំហាន​មួយ លើស្ថានភាពបត់បែនស្មុគស្មាញ និងមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្លាតវៃ​តាមយុទ្ធវិធីច្រើនយ៉ាង ដែលមិនធ្លាប់មាន​ក្នុងប្រវត្តិសាស្ត្រ។

សម្រាប់ទីតាំងស្រុកអន្លង់វែង ក៏ដូចជាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនៃខេត្តនេះ​ត្រូវបានឯកឧត្តម គន់ គីម គូសបញ្ជាក់ថា គឺជាធនធានដ៏វិសេសវិសាលមួយ ត្រូវបាន​ស្គាល់​ជាទូទៅថា ជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម និងជាចំណុច​ផ្តោតមួយដ៏សំខាន់នៃគោលនយោបាយឈ្នះ ឈ្នះ របស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ តំបន់ឧត្តរមាន​ជ័យប្រមូលផ្តុំទៅ ដោយកេរដំណែល និងបន្សល់ទុកនូវប្រវត្តិសាស្ត្រជាច្រើន ដោយសារតែ​អន្លង់វែង​មាន​សារៈសំខាន់​ក្រៃលែង ចំពោះភាពស្វិតស្វាញ នៃចលនាតស៊ូ​របស់ខ្មែរក្រហម តំបន់នេះ គឺជាទីតាំងនិមិត្តរូបតំណាង​ឱ្យជ័យជម្នះ​ចុង​ក្រោយ នៃគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានក្តីសង្ឃឹមយ៉ាងមុតមាំថា ការកសាង​សួនសន្តិភាពនៅទីនេះនឹង​បណ្តុះនូវស្មារតី​ដឹងគុណ កតញ្ញូ និងចូលរួមការពារ​សន្តិភាព ដោយនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ព្រម​ទាំងពង្រីក និងពង្រឹង គ្រប់ទីតាំងគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយ​មាន​ការចូលរួមរបស់មនុស្សជំនាន់នេះ និងជំនាន់តទៅអនាគត គឺជាកត្តាស្នូល​នៃការថែរក្សាសន្តិភាព ដែលបានមកពីនយោបាយឈ្នះ ឈ្នះ។
ក្នុងឱកាសនេះដែរឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ ចំពោះរដ្នបាលខេត្តឧត្តរមានជ័យ, ក្រុមការងារ​នៃគណៈកម្មការសិក្សា និងរៀបចំសាងសង់វិមានឈ្នះ ឈ្នះ, ក្រុមការងារប្រវត្តិសាស្រ្ត, អង្គភាពសេនាតេជោ, អនុគណៈ​កម្មការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង និងក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់ខិតខំរៀបចំ ពិធីបញ្ចុះ​បឋមសិលាបើកការដ្ឋាន សាងសង់សួនសន្តិភាពខេត្តឧត្តរមានជ័យ ៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner