រដ្ឋ នឹងអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃឈើ ជំហានទី១ គ្រោងផ្តល់ដីជូនពលរដ្ឋគ្មានដីពិតប្រាកដ ចង់ទៅរស់នៅខេត្តស្ទឹងត្រែង ចំនួន ៥០០គ្រួសារ
(ភ្នំពេញ)៖ រដ្ឋ នឹងអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃឈើ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដោយជំហានទី១ គ្រោងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងទីតាំងភូមិហាងសារ៉ាត ឃុំសាមមួយ ស្រុកសេសាន ចំនួន ៥០០គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប ៣ហិកតា ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ត្រង់របៀបវារៈទី៣ ។
របៀបវារៈទី៣ នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី គឺ របាយការណ៍វឌ្ឍនភាព នៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃឈើដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរការ ហៅកាត់ថា (ផ.ក.អ) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
គណៈកម្មាធិការជាតិនេះ ជាយន្តការដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ និង គាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ យន្តការនេះ មិនទៅជំនួសយន្តការដែលមានស្រាប់ (ថ្នាក់ជាតិ រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់) នោះទេ តែជាយន្តការបំពេញបន្ថែម ហើយទន់ភ្លន់ មានតម្លាភាព ដែលអាចប្រើប្រាស់បានទៅតាមកន្លែង និងស្ថានភាពខុសៗគ្នា។
គណៈកម្មាធិការនេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន អមដោយអនុប្រធានចំនួន ១១រូប និងសមាជិកចំនួន ៥១រូប និងមានលេខាធិការដ្ឋានមួយជាសេនាធិការ ។
ជាលទ្ធផល លេខាធិការដ្ឋាន ផ.ក.អ. បានចុះកំណត់ទីតាំងដី និងផ្ទៀងផ្ទាត់នៅទីតាំងតំបន់អូរឃ្លៀង អូរសែវ អូរចំបក់ ក្រឡាពស់ ស្ថានីយ៍ផ្សព្វផ្សាយភូតតាគាម និងអូរប្រាំដំឡឹង ក្នុងខេត្តស្ទឹងត្រែង និងបានសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះសម្រង់បញ្ជីឈ្មោះអ្នកទន្ទ្រានដីនិងដាំដុះ និងកំណត់និយាមការផ្ទះ ទីតាំងដីនៅតំបន់អូរចំបក់ និងអូរសែវ ។
លេខាធិការដ្ឋាន ផ.ក.អ. បានចុះបណ្តុះបណ្តាលផ្ទៃក្នុងតម្រង់ទិសជាប្រចាំដល់មន្ត្រី លេខាធិការដ្ឋាន និងបានចុះបណ្តុះបណ្តាលនិងផ្សព្វផ្សាយស្តីពីការអនុវត្ត «កម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព» ចំនួន ៦ទីតាំង (ភូមិភាគ) មាន ២៥រាជធានី ខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ៣ ៥១៩នាក់ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ដល់ ២១ ខែមករា ឆ្នាំ២០២៥ ។
តាមការគ្រោងទុកកម្មវិធីនេះ នឹងដាក់ឱ្យដំណើរការជំហានទី១ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ដោយមានចំនួន ៥ដំណាក់កាលសំខាន់ៗ រួមមាន ទី១. ដំណាក់កាលរៀបចំ (ការកំណត់ទីតាំងផ្តល់ដី ការផ្សព្វផ្សាយ និងផ្តល់ពត៌មាន) ទី២. ដំណាក់កាលបច្ចេកទេស ទី៣. ដំណាក់កាលពិនិត្យភាពសមស្រប (ការជ្រើសរើស) ទី៤. ដំណាក់កាលពិនិត្យ សម្រេច និងផ្តល់សុពលភាព និង ទី៥. ដំណាក់កាលផ្តល់ដី ការពារព្រៃ និងការអភិវឌ្ឍ។
បន្ទាប់ពីបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យជីវភាពដោយវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន សិក្សាពីគុណភាពជីកសិកម្ម ស្រាវជ្រាវពីប្រភពទឹក និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់រួចមក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចកំណត់យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយ ក្នុងមួយគ្រួសារ ទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប ៣ហិកតា ។ ជំហានបន្ទាប់ នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀត នៅទីតាំងដដែល ។ តំបន់នេះ មានទំហំជិត ១០ ០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោង ដីសម្បទានសង្គមកិច្ច ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ