រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

(ភ្នំពេញ)៖ កម្ពុជា នឹងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិន ទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ត្រង់របៀបវារៈទី១ គឺ សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុង រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មាន ៧មាត្រា ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិន ទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុង រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តី សម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុង គោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។

ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទឧក្រិដ្ឋកម្មដែលត្រូវបានរកឃើញ ដោយ អ.វ.ត.ក. រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការ រំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដើម្បីកត់ត្រាទុកជាប្រវត្តិសាស្ត្រ នៅក្នុងច្បាប់តែម្តង សំដៅម្យ៉ាង ដើម្បីឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ចមិនអាចបំភ្លេចបាននូវមហាសោកនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ម្យ៉ាងទៀត ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែល បដិសេធមិនទទួលស្គាល់ការពិត ចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុតដែលបានកើតឡើងនៅកម្ពុជា កាលពី អតីតកាល។

សេចក្តីព្រាងច្បាប់នេះ បានធ្វើការដំឡើងកម្រិតទោសចំពោះបទមិនទទួលស្គាល់ជាសាធារណៈនូវ ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ទៅជាទោសដាក់ពន្ធនាៗ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល សំដៅធានាការពារនូវឧត្តមភាព និងកិត្យានុភាព នៃសេចក្តីសម្រេចស្ថាពរ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក.។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ និងទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ ចាស់ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៣/០១៣ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។ ក្រសួងយុត្តិធម៌ ក៏បានពិនិត្យ សិក្សា និងរៀបចំការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីឱ្យស្របទៅតាម បរិបទថ្មីនៃការបិទបញ្ចប់ដំណើរការនីតិវិធីក្នុងគ្រប់សំណុំរឿង និងការចេញសាលដីកាស្ថាពរដោយ អ.វ.ត.ក. ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner