Trump បង្ហើបគម្រោងជួប Kim Jong Un ជាថ្មី

បរទេស៖ លោក Donald Trump ប្រធានាធិបតី សហរដ្ឋអាមេរិក ដែលទើបឡើងកាន់តំណែង បាននិយាយបង្ហើបអំពីគម្រោង អាចជួបតទល់នឹងលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង ជាថ្មីទៀត ក្នុងអាណត្តិទី២ របស់លោក ដោយគេដឹងថា ពួកលោកធ្លាប់បានជួបគ្នាដ៏កម្រ ចំនួន៣លើករួចមកហើយ អំឡុងអាណត្តិដំបូង របស់លោក Trump។

ក្នុងបទសម្ភាសន៍មួយ ជាមួយ Fox News ដែលបានចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ លោក Donald Trump បាននិយាយថា លោកនឹងទាក់ទង ទៅកាន់លោក Kim Jong Un ម្តងទៀត ពេលឆ្លើយតបនឹងសំណួរ លើបញ្ហាកូរ៉េខាងជើង។ លោក Trump ថែមទាំងនិយាយថា លោក Kim ចូលចិត្ត រូបលោក ទៀតផង ហើយ លោក Trump ក៏បានសរសើរ លោក Kim Jong Un ថា ជាមនុស្សឆ្លាត។

គួរបញ្ជាក់ថា កូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងការគំរាមកំហែង ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំង កូរ៉េខាងត្បូងផងដែរ។ កូរ៉េខាងជើង ដែលជាប្រទេសឯកោ និងក្រីក្រ បានធ្វើការសាកល្បងនុយក្លេអ៊ែរ ជាច្រើនដង នាំឲ្យអាមេរិក និងសម្ព័ន្ធមិត្ត បានព្រមានថា កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង កំពុងធ្វើឱ្យមានអស្ថិរភាព ហើយអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយជាច្រើន ហាមឃាត់កូរ៉េខាងជើង។

យ៉ាងណាមិញ មិនទាន់ការបញ្ជាក់ច្បាស់ពីកាលបរិច្ឆេតច្បាស់លាស់ នៃគម្រោងជំនួប ជាថ្មីនេះទេ។ ប៉ុន្តែ ការខិតខំប្រឹងប្រែង កាលពីអាណត្តិទី១ របស់លោក Trump មិនបានបង្កើតនូវកិច្ចព្រមព្រៀងយូរអង្វែងណាមួយ ដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើងទេ នេះបើតាមលេខាធិការផ្ទាល់ របស់លោក Trump គឺ លោក Marco Rubio៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner