ស្លាប់ស្ត្រីកងទ័ពអាកាសតៃវ៉ាន់ ក្រោយស្រូបចូលម៉ាស៊ីនយន្តហោះចម្បាំង
តៃប៉ិ ៖ បញ្ជាការដ្ឋានកងទ័ពអាកាសតៃវ៉ាន់ បានរាយការណ៍ថា មន្ត្រីកងទ័ពអាកាសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានស្រូបចូលទៅក្នុងម៉ាស៊ីនយន្តហោះចម្បាំងមួយគ្រឿង កាលពីថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។
គ្រោះថ្នាក់នេះបានកើតឡើងនៅឯមូលដ្ឋានទ័ពអាកាស Chuan Kang នៃទីក្រុង Taichung។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយថា យន្តហោះមួយគ្រឿងនោះ គឺជាយន្តហោះការពារជាតិផលិតក្នុងស្រុក។
អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា មន្ត្រីជាស្ត្រីរូបនេះកំពុងធ្វើការត្រួតពិនិត្យជាប្រចាំលើយន្តហោះចម្បាំងដែលទើបចុះចត មុនពេលបិទម៉ាស៊ីន។ អាជ្ញាធរតៃវ៉ាន់បន្ថែមថា ដោយ “មូលហេតុមិនច្បាស់លាស់” មន្រ្តីរូបនេះត្រូវបានស្រូបចូលទៅក្នុងម៉ាស៊ីនខាងស្តាំនៃយន្តហោះនោះ។
ភ្លាមៗ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែក្រោយមកត្រូវបានប្រកាសថា បានស្លាប់។ កងទ័ពអាកាសតៃវ៉ាន់បានឱ្យដឹងថា ពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ ហើយថា ខ្លួននឹងធ្វើការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់ ដើម្បីទប់ស្កាត់ឧបទ្ទវហេតុបែបនេះកុំឱ្យកើតឡើងម្តងទៀត៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា