នេប៉ាល់ដំឡើងថ្លៃឡើងភ្នំ Everest ដល់ ១៥,០០០ដុល្លារ

កដ្ឋមណ្ឌូ ៖ រដ្ឋាភិបាលនេប៉ាល់នឹងដំឡើងថ្លៃឡើងភ្នំ Everest ចំនួន ៣៦ភាគរយបន្ថែមទៀត ធ្វើឱ្យភ្នំខ្ពស់ជាងគេលើពិភពលោកមួយនេះ ក្លាយជាទីតាំងឡើងភ្នំដ៏ថ្លៃបំផុតជាលើកដំបូងក្នុងពេលជិតមួយទសវត្សរ៍ចុងក្រោយ។

អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍នេប៉ាល់ លោក Narayan Prasad Regmi បានគូសបញ្ជាក់ថា តម្លៃឡើងភ្នំ Everest នឹងកើនឡើងចំនួន ៣៦ភាគរយ ពោលគឺពី ១១,០០០ដុល្លារដល់១៥,០០០ដុល្លារ។ លោក Regmi បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការដំឡើងថ្លៃថ្មីនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២៥តទៅ។

ការដំឡើងថ្លៃនេះទៀតសោត ក៏ជាផ្នែកមួយនៃការកាត់បន្ថយចំនួនអ្នកឡើងផងដែរ ដោយសារតែកន្លងមក មានអ្នកឡើងប្រមាណ ៣០០នាក់ជារៀងរាល់ឆ្នាំ។ អ្នកឡើងភ្នំ Everest ទាំងអស់ ត្រូវបានណែនាំឱ្យរក្សាទុកលាមកនៅជាមួយខ្លួន ខណៈដែលរដ្ឋាភិបាលនេប៉ាល់ព្យាយាមដោះស្រាយបញ្ហាបំពុលបរិស្ថាន។

យ៉ាងណា ការដំឡើងតម្លៃដ៏ខ្ពស់នេះ ក៏មានករណីលើកលែងដែរ ពោលគឺអនុវត្តសម្រាប់តែរដូវសំបូរភ្ញៀវ ដែលនៅចន្លោះខែមេសា និងខែឧសភា។ សម្រាប់រដូវខ្សត់ភ្ញៀវ គឺនៅចន្លោះខែកញ្ញា និងខែវិច្ឆិកា រួមទាំងរដូវស្ទើរតែគ្មានភ្ញៀវពីខែធ្នូ ដល់ខែកុម្ភៈ ក៏នឹងត្រូវដំឡើងថ្លៃចំនួន ៣៦ភាគរយ ដល់៧,៥០០ដុល្លារ និង៣,៧៥០ដុល្លារ។

កំពូលភ្នំ Everest ត្រូវបានមនុស្សមួយចំនួនដាក់ឈ្មោះថា ជា «ដំបូលនៃពិភពលោក»។ កំពូលភ្នំដែលមានវត្តមាននៅជួរភ្នំហិមាល័យមួយនេះ មានកម្ពស់រហូតទៅដល់ ៨,៨៥០ម៉ែត្រ ហើយស្ថិតនៅចន្លោះប្រទេសនេប៉ាល់ និងតំបន់ទីបេនៃប្រទេសចិន។ ដើម្បីឡើងដល់កំពូលបាន វាតម្រូវឲ្យមានការប្រើប្រាស់ឧបករណ៍ជំនួយសុខភាព ដោយសារតែខ្លួនប្រាណរបស់មនុស្សមិនអាចទ្រាំទ្រជាមួយនឹងសីតុណ្ហភាព, បរិមាណអុកស៊ីសែន និងសណ្ឋានដីដ៏គ្រោះថ្នាក់សម្បើមនោះឡើយ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner