នាយករដ្ឋមន្ត្រី កោតសរសើរចំពោះកិច្ចសហការល្អ ក្នុងការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា»
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។
ត្រង់ចំណុចបញ្ហាផ្សេងៗ ៖ នៅពេលចាប់ផ្តើមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានផ្តល់ កិច្ចសហការយ៉ាងជិតស្និទ្ធដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រកបដោយជោគជ័យ និងមោទនភាព។
សម្តេចធិបតី លើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍ បែបនេះ ដើម្បីលើកកម្ពស់មោទនភាពក្នុងភាព ជាប្រជាជាតិតែមួយ អរិយធម៌ និងវប្បធម៌ សម្បូណ៌បែប និងយូរអង្វែងរបស់កម្ពុជា ទៅកាន់ពិភពលោក និងដើម្បីជាគុណប្រយោជន៍ ដល់វិស័យទេសចរណ៍ ខណៈចំនួនភ្ញៀវទេសចរអន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ បានកើនលើសកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ប្រមាណ ៦,៧លាននាក់ ។
សម្តេចនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆ្នាំ២០២៤ បានកើនលើសកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត ពោល គឺមានចំនួនប្រមាណ ៦,៧លាននាក់។
សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងទេសចរណ៍ ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក ឱ្យកាន់តែច្រើនបន្ថែមទៀត ដោយ សម្តេចធិបតី ចាត់ទុកថា វិស័យនេះ គឺជាសក្តានុពលដ៏ខ្លាំងមួយ ដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ