ស្រូវប្រាំងប្រមាណជាង ២០០០ហិចតា ក្នុងស្រុកស្អាងខេត្តកណ្តាលត្រូវបានជួយសង្រ្គោះ
(ខេត្តកណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យស្ថានភាព ផ្ទៃដីស្រូវប្រាំងប្រមាណជាង ២០០០ហិចតា ស្ថិតក្នុងឃុំចំនួន៣ រួមមានឃុំទឹកវិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលប្រឈមក្នុងការខ្វះខាតទឹក សម្រាប់ស្រោចស្រព ព្រមទាំងជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រពស្រូវ និងបន្តចុះពិនិត្យស្ថានភាព ទីតាំងភូមិសាស្រ្តប្រភពទឹក និងការកាយបង្ហូរទឹកជួយដល់ការខ្វះខាតនូវទឹកធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករ។
ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្ដាល មានប្រសាសន៍ថា៖ បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំងដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលជាប្រជាកសិករកំពុងប្រឈមនឹងការខ្វះខាតទឹកថា៖ សម្រាប់ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមនេះ អាជ្ញាធរបានធ្វើការដោះស្រាយជូនអោយមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព ។
ឯកឧត្តមអភិបាលខេត្ត ព្រមទាំងក្រុមការងារ បានបន្តចុះធ្វើការពិនិត្យ គ្រឿងចក្រ ម៉ាស៊ីនបូមទឹកនៅតាមប្រឡាយនានា ពិសេសប្រឡាយអន្តរឃុំ ដើម្បីរុញទឹកចូលដល់ស្រែរបស់ប្រជាកសិករ ក្នុងការសង្គ្រោះស្រូវប្រាំង ដែលមានបញ្ហាប្រឈម និងការខ្វះទឹកស្រោចស្រព។ ក្នុងនោះដែរខាងព្រលានយន្តហោះតេជោក្រុងតាខ្មៅ បានរុញទម្លាក់ទឹកប្រហែល ៥០ម៉ឺនម៉ែត្រគីប ដើម្បីជួយសង្រ្គោះស្រូវបងប្អូនប្រជាកសិករនៅជុំទី១នេះអោយបានគ្រប់គ្រាន់ និងបន្តរក្សាទឹកទុកដើម្បីប្រើប្រាស់បន្តផងដែរ ៕
ដោយ ៖ ង៉ាន់ ទិត្យ