ត្រាំមកវិញភ្លាម CNN គ្រោងជម្រុះបុគ្គលិក២០០នាក់
បរទេស ៖ នៅប៉ុន្មានថ្ងៃដែលលោក Trump ត្រលប់មកធ្វើជាប្រធានាធិបតីវិញ សារព័ត៌មានយក្សរបស់អាមេរិក CNN គ្រោងនឹងជម្រុះបុគ្គលិក ចំនួន២០០នាក់ ដែលស្មើនឹង ៦ភាគរយ នៃបុគ្គលិកសរុប ដោយពិនិត្យ និងកែសម្រួលដ៏ទូលំទូលាយ លើប្រសិទ្ធភាព និងមុខងាររបស់បុគ្គលិក ទាំងនោះ តាមភាពជាក់ស្តែង។
នាយកប្រតិបត្តិរបស់ CNN លោក Mark Thompson បានប្រាប់ថា គម្រោងកាត់បន្ថយនេះ គឺ ដោយសារតែក្រុមហ៊ុនត្រៀមវិនិយោគ ៧០លានដុល្លារ នៅក្នុងផែនការឌីជីថល ហើយក្រុមហ៊ុននឹងត្រូវចំណាយច្រើន លើបុគ្គលិកថ្មីៗ ដែលមានជំនាញ ឌីជីថលនេះ នៅឆ្នាំ២០២៥នេះ។
យ៉ាងណាមិញ ការកាត់បន្ថយនេះ ស្របពេលដែល CNN ចាប់ផ្តើមមានការរង្គោះរង្គើ នៃបុគ្គលិក និងកម្មវិធីសំខាន់ៗ ចំពេលមាន ជំនន់នៃព័ត៌មាននយោបាយ ប្រកបដោយភាពប្រកួតប្រជែង និងក្រោយពេលដែលលោក Donald Trump ត្រលប់មកគ្រប់គ្រង សេតវិមាន ឡើងវិញ ហើយគេដឹងថា CNN ជាសារព័ត៌មាន តែងតែរិះគន់ច្រើន លើលោក Trump។
យ៉ាងណាមិញ កាលពីខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានអាមេរិក Associated Press ក៏ បាននិយាយផងដែរថា ខ្លួននឹងកាត់បន្ថយការងារ ជិត៨ភាគរយ ទប់ទល់នឹងញ្ហាអតិថិជន និងសេដ្ឋកិច្ច៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត