គណបក្សប្រជាជនកម្ពុជា រៀបចំសន្និបាតគណៈកម្មាធិការកណ្តាល ២ថ្ងៃ ដោយពិភាក្សាលើរបៀបវារៈមួយចំនួន

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានបើកសន្និបាតគណៈកម្មាធិការកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន ។ សន្និបាតនេះ ធ្វើឡើងនៅវិមាន ៧មករា រយៈពេល ២ថ្ងៃ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស អមដោយអនុប្រធាន និងមានសមាជិកគណៈកម្មាធិការកណ្តាលបក្សចូលរួម ១១៩១រូប ។

អង្គសន្និបាត បានបើកទូលាយដោយមានអញ្ជើញថែម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត និង ថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ដែលធ្វើឲ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុប មានចំនួន ៣៥៥៥រូប ។

សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗ រួមមាន៖ ១៖ ពិនិត្យឆ្លងសេចក្តីព្រាង «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ ២០២៥» ។ ២៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួន ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បើកសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានសម្រេចបើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤៥ អាណត្តិទី V នេះ គឺជាពេលដែលរាជរដ្ឋាភិបាលបន្តវេន មានអាយុបាន ១ឆ្នាំ ៥ខែហើយ ។ ពិនិត្យជារួម ទោះបីសភាពការណ៍សកលលោក បាននិងកំពុងវិវត្តប្រែប្រួលដោយមិនប្រាកដប្រជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហារធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចជាបន្តបន្ទាប់នូវគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស ។

សម្តេចបន្តថា លើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បានកំណត់ដាក់ចេញ និងអនុវត្តដោយរស់រវើកនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយដែលនៅឆ្នាំដំបូងឆ្នាំ២០២៤ រាជរដ្ឋាភិបាល សម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា៖ ការពារបានរឹងមាំសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី, រក្សាបានល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម, រក្សាបានស្ថិរភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិមានកំណើនក្នុងរង្វង់ ៦%, បានបើក ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ, បានដោះស្រាយបញ្ហាតំបន់ត្រីកោណ CLV- DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ, បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងបានធ្វើឲ្យបរាជ័យរាល់ឧបាយកលអាក្រក់របស់ក្រុមជ្រុលនិយមជាដើម ។ លើសពីនេះ ទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីកបានល្អនូវការងារទំនាក់ទំនងបរទេស ការងារការទូត និងដៃគូអភិវឌ្ឍន៍ ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ។

សម្តេច ហេង សំរិន បន្ថែមថា ផ្តើមពីកិច្ចប្រជុំជាអន្តរជាតិខាងលើ អង្គសន្និបាតសូមអបអរសាទរ ពោះសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលពានរង្វាន់ មេដាយសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ និងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើមលើពិភពលោក ពីមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ នាពេលថ្មីៗនេះ ។ អង្គសន្និបាត ក៏សូមអបអរសាទរដែលនៅក្នុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦ និងបានអនុម័តសេចក្តីសម្រេច (A/79/L.49) សម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) ជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៩ ខាងមុខ ។ ទន្ទឹមនេះ ការប្រារព្ធខួបលើកទី២៦ នៃទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ ខែធ្នូ, ព្រឹត្តិការណ៍សាទរកម្ពុជា ពេលឆ្លងឆ្នាំសកល ២០២៤-២០២៥, និងខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករាថ្មីៗនេះ កាន់តែបង្កើតបាននូវបរិយាកាសដ៏ល្អសម្រាប់ការបើកសន្និបាតនៅពេលនេះ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner